ឪពុករបស់អាយដលតូច លីម តិចម៉េង បានបង្ហោះសាររៀបរាប់ពីជីវិតរបស់ក្រុមគ្រួសារ ព្រមទាំងកូនប្រុសរបស់ខ្លួនធ្លាប់ត្រូវគេមើលងាយយ៉ាងចាស់ដៃ
កាលពីរាត្រីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅ ម្ចាស់ពានរង្វាន់ Cambodian Idol រដូវកាលទី ៤ លីម តិចម៉េង បានធ្វើឱ្យទស្សនិកជនរំជួលចិត្ត ស្ទើរស្រក់ទឹកភ្នែកតាម នៅពេលដែលលោកបានរៀបរាប់ពីអារម្មណ៍ក្នុងចិត្ត ចំពោះមុខក្រុមគ្រួសាររបស់ខ្លួន នៅក្នុងកម្មវិធីពិព័ណ៍នៃក្ដីស្រឡាញ់ សម្រាប់អបអរសាទរថ្ងៃទិវានៃសេចក្ដីស្រឡាញ់ នៅឯផ្សារទំនើបមួយក្នុងទីក្រុងភ្នំពេញ។
ដោយឡែក នាព្រឹកថ្ងៃទី ១៥ ខែកុម្ភៈ យោងតាមគណនីហ្វេសប៊ុក លីម សុខទី ដែលត្រូវបានគេស្គាល់ថាជាលោកប៉ារបស់អាយដលតូច លីម តិចម៉េង បានបង្ហោះសាររៀបរាប់ពីជីវិតរបស់ក្រុមគ្រួសារ ព្រមទាំងកូនប្រុសរបស់ខ្លួនធ្លាប់ត្រូវគេមើលងាយយ៉ាងចាស់ដៃ។
នៅក្នុងសារមួយនោះ លោក លីម សុខទី បានលើកឡើងថា ៖ «ខ្ញុំបាទ លីម សុខទី មួយជីវិតខ្ញុំមានក្ដីរំភើបខ្លាំងណាស់ ដែលបានឃើញកូនតស៊ូរហូតបានជោគជ័យ។ ខ្ញុំសប្បាយចិត្តណាស់ ហើយថ្ងៃនេះខ្ញុំនឹងនិយាយពាក្យដែលខ្ញុំធ្លាប់និយាយទៅកាន់អ្នកធ្លាប់មើលងាយ តិចម៉េង កាលនៅរៀនថាអ្នកណាក៏ដោយឱ្យតែមើលងាយកូនខ្ញុំលីម តិចម៉េង គឺជាសត្រូវដ៏ធំរបស់ខ្ញុំ ហើយអ្នកនោះគេថាឱ្យខ្ញុំវិញថា កាន់ជើងកូនធ្វើឱ្យកូនខូច»។
លោកក៏បានបន្តទៀត ៖ «តែចំណែកអ្នកនោះវិញ គឺកូនគេល្អទាំងអស់ ចំណែក លីម តិចម៉េង កូន លីម សុខទី គឺមិនល្អ។ ខ្ញុំក៏សូមអរគុណទៅដល់អ្នកដែលធ្លាប់មើលងាយ តិចម៉េង កាលពីតូចជាខ្លាំង ដែលធ្វើឱ្យកូនខ្ញុំមានការឈឺចាប់ និង ប្រឹងតស៊ូរហូតបានជោគជ័យមកដល់សព្វថ្ងៃនេះ»។
លោក លីម សុខទី ក៏មិនភ្លេចដែរ ដោយលើកឃ្លាមួយថា ៖ «ធ្វើល្អបានល្អធ្វើអាក្រក់បានអាក្រក់ធ្វើបុណ្យបានបុណ្យសាងបាបបានបាប»៕