អាណិតណាស់! ដើរមិនរួចជិះតែរទេះរុញ ដូនចាស់វ័យ ៩០ ឆ្នាំម្នាក់ ត្រូវកូនចៅបោះបង់ចោលនៅខេត្តព្រះសីហនុ
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម នាពេលថ្មីៗនេះបាននាំគ្នាភ្ញាក់ផ្អើលក្រោយបានដឹងករណីដូនចាស់វ័យ ៩០ ឆ្នាំមួយរូប ដើរមិនរួច ជិះតែលើរទេះរុញ អះអាងថាត្រូវកូនចៅបោះបង់ចោល ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។
ទាក់ទិនទៅនឹងករណីនេះ បើតាមការឱ្យដឹងពីផេក ប្រជាជនខេត្តព្រះសីហនុ បានឱ្យដឹងថា បន្ទាប់ពីអាជ្ញាធរព្យាយាមទូរសព្ទ័តាមលេខដែលមានជាប់នឹងខ្លួនលោកយាយ ស្វះស្វែងរកសាច់ញាតិមិនទទួលជោគជយ័ និង មិនឃើញមានសាច់ញាតិកូនចៅមួយណាមកទទួលយកវិញ ដូនចាស់វ័យ ៩០ ឆ្នាំ ត្រូវបានសាខាកាកបាទក្រហមខេត្តព្រះសីហនុ រៀបចំដោះស្រាយដោយយកដូនចាស់ទៅស្នាក់នៅបណ្តោះអាសន្នក្នុងមណ្ឌលថែទាំកុមារកំព្រា ដោយខាងសាខាកាកបាទក្រហមខេត្តរ៉ាប់រងរកអ្នកមើលថែ និង ប្រាក់ម្ហូបអាហារ។
យ៉ាងណាមិញ ចំពោះរឿងនេះ តាមប្រភពបានរំឭកឱ្យដឹងផងដែរថា ក្រោយមានសេចក្តីរាយការណ៍ពីពលរដ្ឋថា ឃើញជីដូនមួយរូបវយ័ជាង ៩០ ឆ្នាំ នៅម្តុំឃ្លាំងលើសង្កាត់លេខ ១ ដែលដំបូង គេសន្និដ្ឋានថាទំនងជាវង្វេងផ្ទះ ឬ វង្វេងសាច់ញាតិ អាជ្ញាធរមូលដ្ឋានក៏ចុះសាកសួរ និង ក្រោយមកបាននាំជីដូនរូបនេះមកមើលថែបណ្តោះអាសន្ននៅសាលាសង្កាត់លេខ ១ ក្រុងព្រះសីហនុ។
ដោយសារក្នុងពេលរង់ចាំមិនឃើញកូនចៅ សាច់ញាតិមកទទួលយក មន្ត្រីសង្កាត់ និង ក្រុមការងារសង្គ្រោះ ក៏បានរៀបចំកន្លែងឱ្យលោកយាយសម្រាន្តនៅសាលាសង្កាត់លេខ ១ ជាបណ្តោះអាសន្ន និងដាក់ឲ្យមានអ្នកមើលថែទាំលោកយាយរូបនេះ។ លុះចាប់តាំងពីយប់ថ្ងៃទី ៥ កុម្ភៈបន្តរហូតមកដល់យប់ថ្ងៃ ៦ កុម្ភៈ ២០២៣ ក៏នៅតែមិនឃើញមានកូនចៅមកទទួលយក ទើបអាជ្ញាធររដ្ឋបាលខេត្ត និងសាខាកាកបាទក្រហមខេត្តព្រះសីហនុ រៀបចំដោះស្រាយជាបណ្តោះអាសន្នបែបនេះ៕
ប្រភព ៖ ប្រជាជនខេត្តព្រះសីហនុ