កម្ពុជាគ្រោងបំបែកកំណត់ត្រាពិភពលោកថ្មី ២ ទៀត ក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ ២០២៣
ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ចាប់ផ្ដើមធ្វើឡើងតាំងពីឆ្នាំ ២០១៣ រហូតដល់ឆ្នាំ ២០១៨ និង បានអាក់ខានអស់រយៈពេល ៤ ឆ្នាំ។ ជាថ្មីម្ដងទៀត ព្រឹត្តិការណ៍អង្គរសង្រ្កាន្តនឹងត្រឡប់មកវិញក្នុងទឹកដីខេត្តសៀមរាបដដែល ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៣ ខាងមុខនេះ ដោយមានគម្រោងធ្វើឱ្យផ្ទុះការចាប់អារម្មណ៍ខ្លាំងជាមុន និង គ្រោងបំបែកកំណត់ត្រាពិភពលោកថ្មីចំនួន ២ បន្ថែមទៀត។
ជាក់ស្ដែង ក្នុងឆ្នាំកន្លងៗទៅព្រឹត្តិការណ៍អង្គរសង្រ្កាន្ត តែងរៀបចំកម្មវិធីជាច្រើនថ្មីៗ ប្លែកៗ ជាពិសេសការបង្ហាញពីវប្បធម៌ ប្រពៃណី សិល្បៈ តន្រ្តី ល្បែងប្រជាប្រិយ ជាដើម។ មិនតែប៉ុណ្ណោះ ក្នុងឆ្នាំកន្លងទៅ អង្គរសង្រ្កាន្តក៏មានការតាំងបង្ហាញក្រមាវែងជាងគេលើពិភពលោក ការតាំងបង្ហាញតម្បាញកី ហើយក្នុងឆ្នាំ ២០១៥ ក៏បានបំបែកកំណត់ត្រាពិភពលោក ដោយធ្វើអន្សមយក្ស ដែលមានទម្ងន់ជាង ៥ តោន និង មានការរាំចង្វាក់ម៉ាឌីហ្សុន ដោយមានការចូលរួមពីសំណាក់មហាជនដល់ទៅ ២០១៥ នាក់ផងដែរ។
ដោយឡែក ក្នុងឆ្នាំ ២០២៣ ដែលជាឆ្នាំគម្រប់ខួប ១០ ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត កម្ពុជាគ្រោងនឹងបំបែកកំណត់ត្រាពិភពលោកថ្មីចំនួន ២ បន្ថែម ប៉ុន្តែយើងនៅមិនទាន់មានព័ត៌មានច្បាស់ការទេថាកំណត់ត្រា ២ នោះជាអ្វីនៅឡើយ ខណៈដែលបច្ចុប្បន្ននេះព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ក៏បានបំបែកឯកគ្គទកម្មថ្នាក់ជាតិតាមរយៈសមិទ្ធផលជាច្រើនដូចជា អុកយក្ស បំពង់ទឹកត្នោតយក្ស មួកស្លឹកត្នោតយក្ស ទាញព្រ័ត្រយក្ស សំបុកមាន់យក្ស កន្រ្តងប្រហុកយក្ស និង ចាប៉ីដងវែងយក្ស ជាដើម៕
ប្រភព និង រូបភាពដោយ៖ ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត