អត្តសញ្ញាណប័ណ្ណគំរូថ្មីអស់សុពលភាព អាចទៅបំពេញបែបបទប្ដូរយកអត្តសញ្ញាណប័ណ្ណថ្មី នៅតាមបណ្ដាទីតាំងទាំងនេះ

នាពេលថ្មីៗនេះ ឧត្ដមសេនីយ៍ឯកបណ្ឌិត សាយ ម៉េងឈាង ដែលជាអគ្គនាយករងនៃនាយកដ្ឋានអត្តសញ្ញាណកម្ម បានចែករំលែកព័ត៌មានពីការធ្វើអត្តសញ្ញាណប័ណ្ណ ដែលមានបញ្ហាខូច ឬរបក។

ជាក់ស្ដែង ឯកឧត្ដមបានបញ្ជាក់នៅក្នុងសារបង្ហោះលើហ្វេសប៊ុកផេកផ្ទាល់ខ្លួនរបស់លោកថា ករណីដែលអត្តសញ្ញាណប័ណ្ណមានបញ្ហារបក ឬខូច សាមីខ្លួនអាចយកទៅស្នើសុំប្ដូរថ្មីបាន ដោយពុំចាំបាច់មានភ្ជាប់ឯកសារផ្សេងទៀតបន្ថែមជាមួយនោះទេ។

ដោយឡែក សម្រាប់អ្នកដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីអស់សុពលភាព ឬ សុពលភាពនៅសល់តិចជាង ឬ ត្រឹមរយៈពេល ៩០ ថ្ងៃអាចទៅបំពេញបែបបទប្ដូរយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មីនៅតាមបណ្ដាទីតាំងដូចជា៖

១. ប៉ុស្តិ៍នគរបាលឃុំ សង្កាត់ ឬអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ឬច្រកចេញចូលតែមួយក្នុងក្រុងស្រុក ខណ្ឌ ឬស្នងការដ្ឋាននគរបាលរាជធានី ខេត្ត នៃលំនៅឋានរបស់ខ្លួន។

២. នៅតាមនាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលមានទីតាំងនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

 

៣. នៅតាមទីស្នាក់ការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប្រចាំនៅផ្សារទំនើបអ៊ីអនម៉ល ២ (Aeon Mall 2 សែនសុខ)។ ប៉ុន្តែសូមកុំភ្លេចកាន់នូវអត្តសញ្ញាណប័ណ្ណគំរូថ្មីទៅជាមួយផង៕