អាជ្ញាធរក្រុងបាងកក ស្នើឱ្យអ្នកក្នុងក្រុងជាង ១០ គួរធ្វើការពីផ្ទះ ព្រោះបរិយាកាសអាចរងការបំពុលកាន់តែខ្លាំង
អាជ្ញាធរក្រុងបាងកក ប្រទេសថៃ បានថ្លែងជំរុញពលរដ្ឋទាំងជាង ១០ លាននាក់ក្នុងក្រុង គួរតែធ្វើការពីផ្ទះទៅតាមដែលអាចធ្វើបាន រួមទាំងផ្លាស់ប្ដូរពីការប្រើប្រាស់យានយន្តឯកជន មកជាការប្រើប្រាស់មធ្យោបាយសាធារណៈវិញ ប្រសិនបើពួកគេត្រូវការធ្វើដំណើរទៅទីណានោះ ខណៈទីក្រុងនាពេលនេះ កំពុងប្រឈមនឹងការបំពុលបរិយាកាសខ្លាំង។
តាមរបាយការណ៍ពីសារព័ត៌មាន Blommberg បានឱ្យដឹងទៀតថា អាជ្ញាធរក្រុង នឹងព្យាយាមទប់ទល់សកម្មភាពនានាដែលបង្កជាធូលីបំពុល ដូចជា ការដុតសំរាមនានានៅបរិយាកាសខាងក្រៅ ការសាងសង់ និង ចំហេះម៉ាស៊ីនយានយន្តនានាជាដើម។
តាមការព្យាករណ៍ពី World Air Quality Project បានឱ្យដឹងថា ទីក្រុងបាងកក អាចនឹងរងការប៉ះពាល់ដោយការបំពុលបរិយាកាសលើសកម្រិតសុវត្ថិភាពនៅក្នុងសប្ដាហ៍នេះ។
គួរឱ្យដឹងថា ទីក្រុងបាងកក និង ទីក្រុងមួយចំនួនទៀតក្នុងប្រទេសថៃ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ បានប្រឈមនឹងបញ្ហាលើខ្យល់អាកាសមិនល្អ។ ការបំពុលបរិយាកាសនេះដែរ គឺអាចនឹងវិវដ្តទៅកាន់តែអាក្រក់ឡើង អំឡុងរដូវក្ដៅ ចន្លោះខែធ្នូ និង ខែកុម្ភៈ។
ជាមួយគ្នានោះដែរ លោកអភិបាលក្រុង Chadchart បានបញ្ជាក់ដែរថា ខាងអាជ្ញាធរ នឹងធ្វើការតាមដានយ៉ាងយកចិត្តទុកដាក់បំផុត លើកម្រិតពុលនៃបរិយាកាសនៅទីក្រុងបាងកក ចាប់ពីពេលនេះ រហូតដល់ចុងខែកុម្ភៈខាងមុខ ប៉ុន្តែខណៈនេះ ខាងសាលានានានៅក្នុងក្រុង គឺនៅតែបន្តបើកដំណើរការជាធម្មតានៅឡើយទេ៕