ផ្ទុះការវែកញែក ក្រោយឃើញលោកគ្រូ នៅវិទ្យាល័យមួយនៅស្រុកសំពៅលូន ចុះកាត់សក់សិស្ស
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក នាពេលថ្មីៗនេះ បាននាំគ្នាផ្ទុះការវែកញែក និងភ្ញាក់ផ្អើល ក្រោយបានឃើញពីសកម្មភាព ចុះអនុវត្តវិន័យ របស់លោកគ្រូអ្នកគ្រូនឹងក្រុមប្រឹក្សាយុវជន នៅវិទ្យាល័យសម្ដេចតេជោហ៊ុនសែន សំពៅលូន ស្ថិតនៅក្នុងបុរីង៉ិន វិត ភូមិវាលវង់ ឃុំតាស្ដា ស្រុកសំពៅលូន ខេត្ដបាត់ដំបង។
តាមរយៈផេកផ្លូវការណ៍ វិទ្យាល័យសម្ដេចតេជោហ៊ុនសែន សំពៅលូន បានបង្ហាញពីសកម្មភាពលោកគ្រូ អ្នកគ្រូ និងក្រុមប្រឹក្សាយុវជន នៅវិទ្យាល័យសម្ដេចតេជោហ៊ុនសែន សំពៅលូន បានចុះកាត់សក់សិស្សដែលមានសភាពខ្លីស្រាប់ នៅថ្ងៃទី ២៣ ខែមករាឆ្នាំ ២០២៣ ម្សិលមិញនេះ នាំឱ្យមហាជនមានការងឿងឆ្ងល់ និងផ្ទុះការវែកញែកចំពោះសកម្មភាពមួយនេះ។
ជាក់ស្ដែង ចំពោះសកម្មភាពនេះ មានមហាជនបានបញ្ចេញមតិបែបនេះថា ៖ «សុំបញ្ចេញមតិខ្លះមិនឈរខាងណាទេតែ ការធ្វើបែបនេះលើសបន្តិចលោកគ្រូ ដូចមិនគោរពលើសិទ្ធិបុគ្គល ខ្ញុំទទួលស្គាល់សក់វែងជាការបំពានលើវិន័យតែលោកគ្រូគួររកវីធីសាស្រ្តណាល្អជាងនឹងដូចជាទាក់ទងជាមួយអាណាព្យាបាល ឬ ការផាកវិន័យ ឬ មួយក៏សាកសួរជាមួយគាត់ដោះស្រាយតាមនីតិវីធី ខ្ញុំយល់ប្រទេសជិតខាងសក់ខ្លីដោយសារការរឹតបន្តឹងវិន័យព្រោះវិន័យនាំមកភាពថ្លៃថ្នូរតែបើសិនកាលណាមនុស្សណាដែលដោះស្រាយដោយសន្តវីធីនាំមកភាពរុងរឿងជាមិនខាន»។ អ្នកខ្លះទៀតបានលើកឡើងថា ៖ «លោកគ្រូអេីយ ខ្ញុំក៏ធ្លាប់ជាសិស្ស ដូចប្អូនៗដែរ រឿងសក់នេះតាមមេីលរូបភាពជាក់ស្ដែង មិនវែងទេមួយចំនួន សមរម្យទទួលយកបាន។ មួយទៀតសាលារៀនថ្នាក់វិទ្យាល័យទេ មិនមែនថ្នាក់ពលទាហានទេីបតែចូលហាត់នោះទេ លោកគ្រូ (កុំព្រោះតែ សកម្មភាពថតរូបមួយចំនួន ធ្វេីឱ្យសិស្សមួយចំនួនប៉ះពាល់អារម្មណ៍)»។
យ៉ាងណាមិញ ចំពោះសកម្មភាពដែលកំពុងផ្ទុះការចាប់អារម្មណ៍នេះ ពុំទាន់មានការបកស្រាយណាមួយពីខាងវិទ្យាល័យនៅឡើយទេ ខណៈអ្នកប្រើប្រាស់បណ្ដាញសង្គម ក៏កំពុងរង់ចាំការបកស្រាយជាក់លាក់មួយទាក់ទិនទៅនឹងករណីខាងលើនេះផងដែរ។
ដោយឡែក កាលពីថ្ងៃទី ២១ ខែមករា ឆ្នាំ២០២៣ កន្លងទៅ ខាងវិទ្យាល័យសម្ដេចតេជោហ៊ុនសែន សំពៅលូនបានបង្ហាញពីគំរូម៉ូតសក់នៃសិស្សប្រុសតែមួយ ព្រមទាំងបញ្ជាក់បែបនេះថា ៖ «សូមបញ្ចាក់ប្អូនប្រុសៗទី ១០ ១១ ១២ ថាថ្ងៃដែលពួកយើងចូលរៀន ត្រូវតែសក់ប្រុសៗទាំងអស់គ្នា គឺបែបនេះសូមអរគុណ»៕