ក្នុងពេលចូលឆ្នាំចិន ដាច់ខាតកុំជូនរបស់ ១០ យ៉ាងនេះធ្វើអាំងប៉ាវ ឬ កាដូឱ្យសោះ

ពិធី​បុណ្យ​ចូលឆ្នាំ​ចិន ចាត់​ចូល​ជា​ពិធី​បុណ្យ​ប្រពៃណី​មួយសម្រាប់​ក្រុម​គ្រួសារមក​ជួបជុំ​គ្នា ចំណាយ​ពេល​យ៉ាង​សប្បាយ ជូន​អាំងប៉ាវ និង ​កាដូ​មួយ​ចំនួន ទៅ​កាន់​មនុស្ស​ជាទី​ស្រឡាញ់​របស់​ខ្លួន ដើម្បី​ទទួល​បាន​សំណាង​ល្អក្នុង​ឆ្នាំ​ថ្មី ។

ជាមួយ​គ្នា​នេះ​ដែរ ការ​ជូន​កាដូ​នេះ​មួយ គឺ​មិន​មែន​ចេះ​តែ​នឹក​ឃើញ ចង់​ទិញ​អ្វី ទិញ​នោះ តាម​តែ​ចិត្ត​របស់​យើង​ចង់​នោះ​ទេ ប្រិយមិត្ត​ត្រូវ​ប្រាកដ​ថា ក្នុង​ឆ្នាំ​ថ្មីគួរ​តែ​ទិញ​របស់​ល្អដើម្បី​ទទួល​បាន​សំណាង​ល្អ​ផង​ដែរ។ ខាង​ក្រោម​នេះ ជា​របស់ ១០ យ៉ាង ដែល​មិន​គួរ​ជូនមនុស្ស​ជា​ទី​ស្រឡាញ់ ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិន ៖

១. វត្ថុ​មុត​ស្រួច

ជូន​កាដូ ជា​វត្ថុ​មុត​ស្រួច ដូច​ជា កន្ត្រៃ កាំបិត​អ្វី​ជាដើម គឺ​មិន​ល្អ​នោះ​ឡើយ ។ វត្ថុ​ទាំង​នេះ គឺ​តំណាង​ឲ្យ ការ​កាត់​ផ្ដាច់​ទំនាក់ទំនង មិត្តភាព។

២. របស់​ដែល​ពាក់ព័ន្ធ​នឹង​លេខ ៤

 

 

សម្រាប់​ជនជាតិ​ចិន លេខ ៤  (四 sì /srr/)  គឺ​មាន​សូរ​ស្រដៀង​គ្នា ទៅ​នឹង​ពាក្យ​ថា ស្លាប់  (死 sǐ)។ ដូច្នេះហើយ រាល់​វត្ថុ​ដែល​ពាក់ព័ន្ធ​នឹង​លេខ ៤ នេះ គឺ​ចាត់​ទុក​ជា របស់​ផ្ដល់​នៅ​សំណាង​មិន​ល្អ និង អប្បមង្គល។

៣. ស្បែកជើង

ស្បែកជើង ក៏​ចាត់​ចូល​ជា វត្ថុ​មិន​ល្អ​ដែល សម្រាប់​ជូន​ក្រុម​គ្រួសារ ក្នុង​ថ្ងៃ​ចូលឆ្នាំ​នោះ ព្រោះ​ថា ពាក្យ «ស្បែកជើង» (鞋 xié /syeah/)  មាន​សំឡេង​ដូច​គ្នា​ទៅ​នឹង​ពាក្យ «សំណាង​មិន​ល្អ» (邪 xié)។ បន្ថែម​ពី​នេះ​ទៀត ស្បែកជើង គឺ​ជា​របស់​ដែល​យើង​ជាន់​ពី​លើ ដូច្នេះ​ហើយ វា​មិន​មែន​ជា​របស់​ល្អ សម្រាប់​ជា​កាដូ ក្នុង​ថ្ងៃ​មង្គល​បែប​នេះ​ឡើយ។

៤. កន្សែង​ដៃ

ជា​ធម្មតា គ្រប់​គ្នា ជា​ទូទៅ គឺ​ជូន​កន្សែង​ដៃ​គ្នា នៅ​ពេល​ចប់​ពិធី​បុណ្យ​សព ដោយ​វា​ជា​និមិត្ត​សញ្ញា នៃ​ការ​លា​គ្នា ជា​រៀង​រហូត។ ដូចនេះ ការ​ជូន កន្សែង​ដៃ​ដល់​នរណា​ម្នាក់ គឺ​ប្រៀប​បាន​នឹង ការ​លា​គ្នា ជា​រៀង​រហូត​ដូច្នោះ​ដែរ។

៥. នាឡិកា

សម្រាប់​ជនជាតិ​ចិន នៅ​ពេល​និយាយ​ថា «ជូន​នាឡិកា​មួយ» (送钟 sòng zhōng /song jong/)  មាន​សំឡេង​ដូច​គ្នា ដូច​នឹង​ពាក្យ​ថា «ចូលរួម​ពិធី​បុណ្យ​សព» (送终 sòng zhōng) ដូច្នេះ​ហើយ នាឡិកា ក៏​មិន​គួរ​ជា​ជម្រើស​ឡើយ សម្រាប់​ជូន​ជា​កាដូ ក្នុង​ថ្ងៃ​បុណ្យ​ចូលឆ្នាំ​ចិន​នោះ។

៦. ផ្លែ​សារី

ជូន​កាដូ​ជា​ផ្លែឈើ គឺ​ល្អ​ហើយ ប៉ុន្តែ គួរ​ចៀសវាង ជូន​ជា​ផ្លែ សារី ។ ផ្លែ​សារី ចាត់​ទុក​ជា ផ្លែ​មិន​ល្អ​មួយ​សម្រាប់​ជនជាតិ​ចិន ។ ពាក្យ​ចិន​នៃ «ផ្លែ​សារី» (梨 lí /lee/) មាន​សំឡេង​ដូច​គ្នា​នឹង​ពាក្យ «បែក​គ្នា» (离 lí)។

៧. ផ្កា​ដែល​បាន​កាត់

ផ្កា​ដែល​បាន​កាត់​ចេញ​ពី​ដើម គឺ​ជា​ទូទៅ ចាត់​ទុក​ជា​របស់​សម្រាប់​ការ​កាន់​ទុក្ខ ក្នុង​ពិធី​បុណ្យ​សព ដូច្នេះ ដាច់​ខាត កុំ​យក​ជា​កាដូ សម្រាប់​ថ្ងៃ​ចូលឆ្នាំ​ចិន​ឱ្យសោះ។ ជា​ពិសេស គឺ​ផ្កា​ស្បៃ​រឿង និង​ ប្រភេទ​ផ្កា​ដែល​មាន​ពណ៌ ស ព្រោះ​វា តំណាង​ឱ្យ​ការ​ស្លាប់។

៨. ឆត្រ

 

ឆត្រ ក៏​មិន​គួរ​ចាត់​ទុក ជា​របស់​ល្អ ក្នុង​ការ​ជូន​ជា​កាដូ​ដែរ ព្រោះ​ថា ពាក្យ​ចិន សម្រាប់ «ឆត្រ» (伞 sǎn /san/) គឺ​បញ្ចេញ​សំឡេង​ដូច​គ្នា​នឹង​ពាក្យ «បែកគ្នា» (散 sàn)។ ដូច្នេះ ការ​ជូន​ឆត្រ ដល់​នរណា​ម្នាក់ ប្រៀប​ដូច​ជា យើង​ចង់​បញ្ចប់​ទំនាក់ទំនង​ជាមួយ​ពួកគេ​ផង​ដែរ។

៩. វត្ថុ​ដែល​មាន​ពណ៌ ស ឬ ខ្មៅ

ពណ៌ ស និង ខ្មៅ គឺ​ជា​ពណ៌​ដ៏​សំខាន់​បំផុត សម្រាប់​ពិធី​បុណ្យ​សព ដូច្នេះ គួរ​ចៀសវៀង ជូន​របស់​ដែល​មាន​ពណ៌ ២ នេះ ទៅ​កាន់​នរណា​ម្នាក់ ។ គួរ​ណាស់ តែ​ប្រើប្រាស់​ពណ៌ ក្រហម​មក​ជំនួស ព្រោះ​ថា ពណ៌​ក្រហម គឺ​ជា​ពណ៌ តំណាង​ឲ្យ​ក្ដី​សុខ សំណាង​ល្អ ដូច្នេះ របស់​ដែល​មាន​ពណ៌​នេះ គឺ​ល្អ​បំផុត សម្រាប់​ទុក​ជា​កាដូ។

១០. កញ្ចក់

កញ្ចក់ គឺ​ចាត់​ជាវត្ថុ​នាំ​សំណាង​មិន​ល្អ​មួយ ដែល​ប្រជាជន​ក្នុង​តំបន់​អាស៊ី​ភាគច្រើន មិន​យក​ជា​កាដូ សម្រាប់​ជូន​នរណា​ម្នាក់​ឡើយ ។ កញ្ចក់ ត្រូវ​បាន​គេ មាន​ជំនឿ​ជឿ​ថា អាច​ទាក់​ទាញ ព្រលឹង​ខ្មោច ព្រាយ​បិសាច។ មួយ​វិញ​ទៀត វា​គឺ​ជា​របស់​ដែល​ងាយ​បែក ដូច្នេះ វា​ចាត់​ចូល​ជា វត្ថុ​ដែល​នាំ​សំណាង​មិន​ល្អ៕