សូមថែរក្សាសុខភាព ! ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤​ ខែមករា, អាកាសធាតុចុះត្រជាក់ពីកម្រិតខ្សោយទៅបង្គួរ

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៧ ខែមករានេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៨ ដល់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣។

ក្រសួងធនធានទឹកបានបញ្ជាក់ថា ទ្រនុងនៃសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសាន្ត បក់ក្នុងល្បឿនពីមធ្យមទៅបង្គួរ បន្តមានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា ក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១៖តំបន់ទំនាបកណ្តាល
* សីតុណ្ហភាពអប្បបរមា មានពី ២០-២៣ °C
* សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C
* អាកាសធាតុអាចចុះត្រជាក់ក្នុងកម្រិតមធ្យម ពិសេសទំនាបភាគពាយ័ព្យមានជាអាទិ៍៖ ខេត្តកំពង់ធំ សៀមរាប ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តប៉ៃលិន។

២៖តំបន់ខ្ពង់រាប
* សីតុណ្ហភាពអប្បបរមា មានពី ១៧-២១ °C
* សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C
* អាកាសធាតុអាចចុះត្រជាក់ ក្នុងកម្រិតពីមធ្យមទៅបង្គួរ ពិសេសផ្ដុំភ្នំដងរែក និងខ្ពង់រាបឦសាន្តមានជាអាទិ៍៖ ខេត្តមណ្ឌលគិរី រតនគិរី ឧត្តរមានជ័យ និងខេត្តព្រះវិហារ ។

៣៖ តំបន់មាត់សមុទ្រ
* សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
* សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C
* អាកាសធាតុអាចចុះត្រជាក់ក្នុងកម្រិតខ្សោយ។

ជាមួយគ្នានេះ ក្រសួងធនធានទឹក បានអំពាវនាវដល់សាធារណជន បង្កើនការប្រុងប្រយ័ត្ន ចំពោះស្ថានភាពចុះត្រជាក់៕