ស្ត្រីពពោះជំនួស ១៥នាក់ ត្រូវបានដោះលែង នៅក្រៅឃុំបណ្តោះអាសន្ន ដោយភ្ជាប់នឹងការសន្យាចិញ្ចឹមកូន…!
រាជធានីភ្នំពេញៈ ស្ត្រី ១៥នាក់ ដែលពាក់ព័ន្ធនឹងរឿងស៊ីឈ្នួលពពោះជំនួសត្រូវបានដោះលែង ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ដោយភ្ជាប់នឹងការសន្យាចិញ្ចឹមកូន ក្រោយពីគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ស្នើទៅតុលាការ ឲ្យពិចារណាដោះលែង ខណៈពួកគេបានសម្រាលកូនរួចជាអ្វីដែលមន្ត្រីសិទ្ធិមនុស្សស្វាគមន៍ តែចង់ឱ្យមានច្បាប់។
យោងតាមបុរសអ្នកយាមនៅមន្ទីរពេទ្យ ១៦ ឧសភាម្នាក់សុំមិនបញ្ចេញឈ្មោះ បានប្រាប់ថាគិតមកត្រឹមថ្ងៃ ៤ ធ្នូមានស្ត្រីមានផ្ទៃពោះប្រមាណ ១៧ នាក់កំពុងនៅមន្ទីរពេទ្យក្នុងនោះមាន ១៥នាក់ បានសម្រាលកូនរួចហើយត្រូវបានបញ្ចូនចេញពីមន្ទីរពេទ្យដែល ៤នាក់ត្រូវបានបញ្ចូនចេញកាលពីសបា្តហ៍មុន រីឯ ១១នាក់ត្រូវបានដោះលែងកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។
លោកថា៖ «ខ្ញុំគិតថាអាទិត្យក្រោយគេនឹងដោះលែងទាំងអស់ហើយ ខ្ញុំជិតបានទៅធ្វើការនៅកន្លែងដើមវិញហើយ»។
លោក សួស វិទ្យារ៉ាន់ឌី អនុប្រធានលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងរាជធានីភ្នំពេញមិនអាចទាក់ទងដើម្បីសុំការបកស្រាយពីករណីនេះបានទេ កាលពីម្សិលមិញ។
ស្ត្រីពពោះម្នាក់ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះបានថ្លែងកាលពីម្សិលមិញថា ខ្លួនត្រូវបានគេឱ្យចុះកិច្ចសន្យាថានឹងត្រូវចិញ្ចឹមកូនជាមួយនឹងការអនុញ្ញាតឲ្យមានសេរីភាពបណ្ដោះអាសន្ន និងត្រូវចិញ្ចឹមកូនរហូតដល់អាយុ ១៨ ឆ្នាំ ខណៈកូនប្រុសគាត់ទើបមានអាយុត្រឹមតែជាង ៣ ខែ។
អ្នកស្រីបានបញ្ជាក់ថា៖ «គេឱ្យយើងធ្វើកិច្ចសន្យាចុះហត្ថលេខាថា ទាល់តែចិញ្ចឹមកូនហ្នឹងទើបបានចេញ។ ប្រសិនបើបាត់កូនហ្នឹង ខ្ញុំនឹងត្រូវបញ្ជូនទៅគុកព្រៃសហើយ ។…ជីវិតពួកខ្ញុំគឺនៅនឹងកូន ហើយពួកខ្ញុំត្រូវចិញ្ចឹមកូនជាការដោះដូរ ទាល់តែគាត់អាយុ ១៨ ឆ្នាំ ហើយគេនឹងតាមត្រួតពិនិត្យយើង។ ប៉ុន្តែក្នុងចិត្តខ្ញុំ ខ្ញុំពិតជាស្រឡាញ់គាត់មែន ហើយអាណិតថែមទៀត ខ្ញុំទុកចិញ្ចឹមខ្លួនឯង»។
អ្នកស្រីបានបន្តថា៖ «ពេលគេប្រាប់ខ្ញុំកាលពីល្ងាចថ្ងៃចន្ទ ខណៈខ្ញុំកំពុងអង្គុយមើលកូន ខ្ញុំអរសឹងងាប់ទៅហើយ គេយកពួកយើងទៅសម្រាកនៅអង្គការបាន ១ យប់»។ ខ្ញុំបានមកដល់ផ្ទះហើយ ខ្ញុំមានអារម្មណ៍សប្បាយចិត្ត កូនខ្ញុំឥឡូវមានអាយុជាង ៣ ខែហើយ។ ខ្ញុំបានមកដល់ផ្ទះខ្ញុំតាំងពីថ្ងៃរសៀល»។
បុរសជាប្តីស្ត្រីពពោះជំនួសម្នាក់សុំមិនបញ្ចេញឈ្មោះបានថ្លែងដែរថា ប្រពន្ធលោកទើបមានទម្ងន់ ៧ ខែដែលជាកូនពពោះជំនួស ប៉ុន្តែលោករីករាយ ខណៈដឹងថាភរិយានឹងត្រូវគេដោះលែងវិញ បន្ទាប់ពីឃាត់ខ្លួន។
បុរសវ័យ ២៧ ឆ្នាំរូបនេះបញ្ជាក់ថា៖ «ខ្ញុំឮគេថា អាទិត្យក្រោយគេនឹងដោះលែងគាត់ហើយ។ ខ្ញុំនឹកគាត់ខ្លាំងណាស់។ ខ្ញុំសប្បាយចិត្តណាស់។ កូនសស្អាតគួរឱ្យស្រឡាញ់។ មេធាវីឱ្យចុះហត្ថលេខាប្រហែលជាមួយខែមុន គាត់ប្រាប់ថាកុំឱ្យធ្វើអំពើអ៊ីចឹងទៀត។ ខ្ញុំអត់បានអានក្រដាសហ្នឹងទេ។ ខ្ញុំនឹងទុកកូនហ្នឹងយកមកផ្ទះទាក់ទងនឹងឪពុកម្តាយបង្កើតវាជារឿងរបស់គេទេ។ គេបានហៅយើងឱ្យទៅផ្តិតមេដៃធានា។ ការឱ្យយើងនៅក្រៅឃុំហ្នឹង ខ្ញុំគិតថា ប្រហែលអ៊ីចឹងហើយ ដែលយើងត្រូវចិញ្ចឹមកូន»។
កាលពីថ្ងៃទី ២២ ខែមិថុនាឆ្នាំនេះ សមត្ថកិច្ចបានឃាត់ខ្លួនស្ត្រីពពោះជំនួស ៣២ នាក់ក្នុងសង្កាត់ ឫស្សីកែវ ខណ្ឌឫស្សីកែវ ហើយសមត្ថកិច្ចបានបញ្ជូនទៅអង្គការក្រៅរដ្ឋាភិបាល ក្នុងនាមជាជនរងគ្រោះ ប៉ុន្តែ នៅទីបំផុត ពួកគេត្រូវបានចោទប្រកាន់ និងឃុំខ្លួនមុនការជំនុំជម្រះដោយចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីខែ កក្កដា ក្រោមការចោទប្រកាន់ពីបទប៉ុនប៉ងលក់ ទិញ ឬដោះដូរមនុស្សសម្រាប់ការផ្ទេរឆ្លងព្រំដែន និង ប្រព្រឹត្តជាលក្ខណៈអន្តរការីរវាងឪពុក ម្តាយស្មុំកូន និងស្ត្រីពពោះជំនួសតាមមាត្រា ១៦ នៃច្បាប់ស្តីពីការបង្ក្រាបការជួញដូរមនុស្ស និងកេងប្រវ័ញ្ចផ្លូវភេទ និងមាត្រា ៣៣២ នៃក្រមព្រហ្មទណ្ឌ។
កាលពីចុងខែតុលាឆ្នាំនេះលោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រៃ្តយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្សធ្លាប់បានឲ្យដឹងថា មេធាវីការពារឲ្យស្ត្រីពពោះទាំង ៣២ នាក់បានរៀបចំឯកសារដាក់ទៅតុលាការដើម្បីស្នើសុំឲ្យតុលាការពិចារណាដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្នដើម្បីឲ្យពួកគេបានចិញ្ចឹមកូនៗដែលពួកគេស៊ីឈ្នួលបង្កើតឲ្យអ្នកផ្សេងនោះ ដោយពួកគេមិនបញ្ជូនកូនទាំងនោះទៅឲ្យអ្នកជួលពួកគេឡើយ។
លោកស្រី ជូ ប៊ុនអេង កាលពីម្សិលមិញមិនអាចទាក់ទងដើម្បីសុំធ្វើអត្ថាធិប្បាយបន្ថែមបានទេ។
លោកស្រី ធីតា ឃឹះ ជានាយិកាប្រតិបត្តិអង្គការសីលកាបានស្វាគមន៍ចំពោះការដោះលែងស្ត្រីក៏ដូចជា កុមារឱ្យបាននៅក្រៅឃុំនេះ។ ប៉ុន្តែលោកស្រីបានសើ្នឱ្យមានការស្រាវជ្រាវច្បាស់លាស់ពាក់ព័ន្ធករណីនេះ និងបានគាំទ្រឱ្យបង្កើតច្បាប់ឱ្យបានតឹងរ៉ឹងដើម្បីចៀសវាងកើតករណីនេះនៅថ្ងៃអនាគតទៀត។
លោកស្រីបានបញ្ជាក់ថា៖ «នេះគឺជារឿងមួយចម្រូងចម្រាសណាស់ដែលថា បច្ចេកទេស និងសេចក្តីត្រូវការរបស់អ្នកនៅខាងក្រៅ និងអ្នករកស៊ីវាលឿនជាងច្បាប់របស់អ្នកនៅក្នុងស្រុកយើង។ អ៊ីចឹងទៅប្រសិនបើមិនស្រាវជ្រាវឱ្យច្បាស់ យើងអាចសម្រេចចិត្តខុសច្រើន»។
ទោះបីជាយ៉ាងណាក្ដីលោកស្រីយល់ថាជាការលំបាកចំពោះអ្នកមានតម្រូវការ និងអ្នកត្រូវការចំណូលបានពីសកម្មភាពនេះ។
លោកស្រី ធីតា ឃឹះ បន្ថែមថា៖ «ខ្ញុំគិតថា វាជារឿងលំបាកនៅក្នុងករណីអស់ហ្នឹង វាជាករណីដែលអ្នករកស៊ីមានសេចក្តីត្រូវការអ្នកមានលុយ និងពលរដ្ឋយើងដែលត្រូវការលុយ វាជាការលំបាកក្នុងការសម្រេចចិត្តពីរឿងនេះ…អ៊ីចឹងក្នុងករណីហ្នឹងកូនគួរតែឱ្យទៅឪម៉ែគេវិញ ហើយចាំដាក់ច្បាប់កុំឲ្យធ្វើក្នុងករណីនេះគឺស្ត្រី និងទារកជាអ្នកទទួលរងគ្រោះ។ យើងត្រូវធ្វើច្បាប់»៕ (ប្រភពពី ភ្នំពេញប៉ុស្ដិ៍)