ឃើញស្រលាញ់គ្នាយ៉ាងផ្អែមល្ហែម នៅទីបំផុត តារាស្រី Aum និងគូស្នេហ៍ បែរជាប្រកាសបែកគ្នាឲ្យហ្វេនៗសោកស្ដាយ

ថៃ៖ ដូចដែលបានដឹងរួចមកហើយថា ថ្មីៗនេះ បណ្ដាអ្នកគាំទ្រជាច្រើន កំពុងតែតាមដាន ពីទំនាក់ទំនងស្នេហារបស់ តារាស្រី Aum Patchrapa និងគូស្នេហ៍ហាយសូរ Pok phornprapha ដែលកំពុងតែមានការសង្ស័យពីការចែកផ្លូវគ្នា រហូតដល់មានការលើកឡើងពីចចាមអារ៉ាមមានភាគីអ្នកទីបី ចូលមកពាក់ព័ន្ធ។

ហើយនៅក្នុងនោះដែរ អ្នកទីបីរូបនេះ បែរជាត្រូវគេដាក់ការសង្ស័យទៅលើ តារាស្រី Matt Peeranee បន្ទាប់ពីមានការរកឃើញឈ្មោះអក្សរកាត់ពីអ្នកលេងអ៊ិនធើណេត ដែលនាំឲ្យគូស្នេហ៍តារាស្រី Aum ត្រូវចែកផ្លូវគ្នាបែបនេះ។ តែទោះជាយ៉ាងណា ក៏មានការបញ្ជាក់ពីអ្នកគ្រប់គ្រងថា តារាស្រី Matt គឺមិនមែនជាជនទី៣ឡើយ ហើយនាងនៅតែស្រលាញ់គូស្នេហ៍របស់នាងដូចដើម គឺលោក Songkran

ដោយឡែក បន្ទាប់ពីមានសង្ស័យជាបន្តបន្ទាប់បែបនេះ នៅទីបំផុត លោក Pok Phornprapha ក៏បានចេញមកបញ្ជាក់យ៉ាងច្បាស់ ខណៈដែលអ្នកទាំងពីរ ពិតជាបានសម្រេច​ចិត្ត​បញ្ចប់​ចំណង​ស្នេហ៍​មួយ​រយៈ​ ដោយ​ហេតុផល​របស់អ្នកទាំងពីររៀងៗខ្លួន។ ជាពិសេស គូស្នេហ៍របស់ Aum រូបនេះ បានបង្ហោះសារថា៖

ពេល​ឃើញ​ដំណឹង​នេះ​ ខ្ញុំ​មិន​ស្រួល​ក្នុងចិត្ត​ទេ​ ទើប​សម្រេច​ចេញមកបន្ថែម​រឿង​នេះបន្តិច។ ឥឡូវនេះ ខ្ញុំឃើញថា មានមនុស្សជាច្រើនត្រូវបានពាក់ព័ន្ធ។ ហើយក៏គួរតែចេញមកពន្យល់បន្តិចបន្តួច នៅក្នុងបញ្ហាដែលខ្ញុំគិតថា គឺជារឿងផ្ទាល់ខ្លួន។ ខ្ញុំ​មាន​អារម្មណ៍​មិនល្អ ​ដែលធ្វើឲ្យ​មនុស្ស​ដែល​គ្មាន​អ្វី​ពាក់ព័ន្ធ​ ត្រូវតែមកមានបញ្ហាដោយសារខ្ញុំ។ តាំង​ពី​យើង​បានទាក់ទងគ្នា ខ្ញុំមិនដែលគិតថានឹងមាន ឬចង់មានអ្នកទីបីនោះទេ ហើយAum គឺជានារីល្អដែលខ្ញុំស្រលាញ់ និងគោរពជានិច្ច រហូតដល់​ថ្ងៃនេះ បើទោះ​បី​ជា​យើង​សម្រេច​ចិត្ត​បញ្ចប់​ទំនាក់​ទំនង​មួយ​រយៈ​ក៏​ដោយ ដោយសារតែហេតុផល​របស់មនុស្ស​ពីរ​នាក់។
ជិត​៥​ឆ្នាំ​មកនេះ Aum នៅតែ​ជា​មនុស្ស​ល្អ ហើយ​តែងតែ​ល្អ​ចំពោះ​រូប​ខ្ញុំ និង​គ្រួសារ​។ យើង​មាន​ពេល​សោកសៅ និងមានពេល​សុភមង្គល ហើយព្យាយាមមកនៅជាមួយគ្នាឱ្យបានច្រើន។ រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ខ្ញុំ​នៅ​តែ​គោរព​ដល់ Aum ​ជានិច្ច។ ហើយខ្ញុំ​សូម​អរគុណ​អ្នក​ទាំង​អស់​គ្នា​ដែល​តែងតែ​គាំទ្រ​ពួក​យើង​ទាំង​ពីរ។

 

Pok Phornprapha

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖