ច្បាស់ហើយ! ករណីកំពុងផ្ទុះល្បី គឺជារឿងចាស់ឆ្នាំ ២០១៨ មិនពាក់ព័ន្ធការប្រឡងបាក់ឌុបឆ្នាំនេះឡើយ

រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២២ នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីការផ្សព្វផ្សាយព័ត៌មានមិនពិត លើបណ្តាញសង្គមមួយចំនួនជុំវិញករណីធ្វើអត្តឃាត នៅស្រុកអង្គរធំ ខេត្តសៀមរាប។

រដ្ឋបាលខេត្ត បានឱ្យដឹងថា នៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២២ នេះ មានគណនីហ្វេសប៊ុកឈ្មោះ អនុរក្សវិទ្យាល័យ ហ៊ុន សែន កំពង់ពពិល គណនីហ្វេសប៊ុក ឈ្មោះ ខ្យល់ និង គណនីបណ្ដាញសង្គមមួយចំនួនទៀត បានផ្សព្វផ្សាយថា មានយុវនារីឈ្មោះ រស់ សំអុន បានចងកសម្លាប់ខ្លួន ព្រោះអន់ចិត្តនឹងប្រឡងធ្លាក់ នៅភូមិដូនឪ ឃុំលាងដៃ ស្រុកអង្គរធំ។

ចំពោះរឿងនេះ បើតាមការបញ្ជាក់ពីស្នងការដ្ឋាននគរបាលខេត្តសៀមរាប ករណីនេះគឺបានកើតឡើងពីឆ្នាំ ២០១៨ ដោយវិបត្តិផ្លូវចិត្តក្នុងគ្រួសារ មិនពាក់ព័ន្ធការប្រឡងនោះឡើយ សូមស្នើដល់ម្ចាស់គណនីទាំងអស់ ដែលបានផុសផ្សព្វផ្សាយតាមបណ្តាញសង្គម សូមកែតម្រូវជាបន្ទាន់ និង កុំបន្តផ្សព្វផ្សាយ ឬ ចែករំលែកបន្តទៀត។

ក្នុងន័យនេះ រដ្ឋបាលខេត្តប្រកាសច្រានចោលការផ្សព្វផ្សាយព័ត៌មានជុំវិញករណី ធ្វើអត្តឃាតនៅស្រុកអង្គរធំ ខេត្តសៀមរាប និង សូមអំពាវនាវដល់សាធារណជនទាំងអស់ប្រើប្រាស់ព័ត៌មានបណ្តាញសង្គម ដោយមានប្រភពច្បាស់លាស់ ជៀសវាងការផ្សព្វផ្សាយ និង ចែករំលែក (share) បន្តដោយគ្មានមូលដ្ឋាន ហើយអាចប្រឈមចំពោះមុខច្បាប់៕

 

សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖