អបអរសាទរ! ខួប ៣០ ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទអង្គរវត្ត ជាសម្បត្តិបេតិកភណ្ឌវប្បធម៌រូបីពិភពលោក
ប្រាសាទអង្គវត្ត ត្រូវបានអង្គការយូណេស្កូ ប្រកាសដាក់ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌រូបីពិភពលោក នៅថ្ងៃទី ១៤ ខែធ្នូ ឆ្នំា ១៩៩២ កន្លងទៅ។ គិតមកត្រឹមថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២២ នេះ ប្រាសាទអង្គរវត្ត ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក មានរយៈពេល ៣០ ឆ្នាំហើយ ដែលរយៈពេល ៣០ ឆ្នាំមកនេះ ប្រាសាទអង្គរត្រូវបានស្ថិតក្រោមការអភិរក្សរក្សាយ៉ាងដិតដល់ ពីអាជ្ញាធរជាតិអប្សរា។
ប្រាសាទអង្គរដ៏ពិសិដ្ឋនេះ ត្រូវបានចុះបញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ នៅក្នុងកិច្ចប្រជុំគណៈកម្មការបេតិកភណ្ឌពិភពលោកលើកទី ១៦ នៅទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក ក្រោមព្រះរាជតម្រិៈដ៏ថ្លៃថ្លា និង ឈ្លាសវៃនៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និង ឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានធ្វើការអំពាវនាវទៅកាន់អង្គការយូណេស្កូ សូមឱ្យជួយស្រោចស្រង់ ការពារក្រុមប្រាសាទអង្គរ។
គួរឱ្យដឹងផងដែរថា ប្រាសាទអង្គរវត្ត ជានិមិត្តរូបនៃប្រទេសកម្ពុជាដែលរំលេចលើទង់ជាតិរបស់ប្រទេសកម្ពុជា ជារូបភាពតំណាងប្រទេសជាតិខ្មែរ មិនតែប៉ុណ្ណោះ ប្រាសាទអង្គរវត្តគឺជាសម្បត្តិបេតិកភណ្ឌជាតិ ដែលវិសេសវិសាលពុំអាចកាត់ថ្លៃបានសម្រាប់ប្រជាជនខ្មែរ។
ប្រាសាទអង្គរវត្តជាប្រាសាទព្រហ្មញ្ញសាសនាធំបំផុត និង ជាវិមានសាសនាដ៏ធំបំផុតនៅក្នុងលោក។ ប្រាសាទនេះត្រូវបានកសាងឡើងដោយព្រះបាទសូរ្យវរ្ម័នទី ២ ដែលជាស្នាដៃដ៏ធំចម្បងអស្ចារ្យ និងមានឈ្មោះល្បីល្បាញរន្ទឺសុសសាយទៅគ្រប់ទិសទីលើពិភពលោក។ ប្រាសាទដ៏អច្ឆរិយៈនេះត្រូវបានសាងសង់ឡើងនៅដើមសតវត្សរ៍ទី ១២ ដែលស្ថិតនៅក្នុងរាជធានីយសោធរបុរៈ (សម័យបច្ចុប្បន្ន អង្គរ) អធិរាជាណាចក្រខ្មែរ ជាប្រាសាទតំណាងឱ្យភ្នំសុមេរុ៕