ត្រៀមអាវរងារ! ចាប់ពីថ្ងៃស្អែក បណ្តាខេត្តមួយចំនួននេះ នឹងចាប់ផ្តើមចុះត្រជាក់ខ្លាំង
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ១៤-២០ ខែធ្នូ ឆ្នាំ២០២២។
ក្រសួងបញ្ជាក់ថា ក្នុងមួយសបា្តហ៍ខាងមុខ កម្ពុជានឹងទទួលរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសាន្ត ក្នុងកម្រិតពីបង្គួរទៅខ្លាំង។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ តំបន់ទំនាបកណ្តាល៖ សីតុណ្ហភាពអប្បបរមា នឹងអាចចុះត្រជាក់ក្នុងរង្វង់ពី១៦-១៩ °C នៅបណ្តាខេត្តមួយចំនួន៖ ខេត្តបន្ទាយមានជ័យ ប៉ៃលិន សៀមរាប និង់ខេត្តបាត់ដំបង។
ទន្ទឹមនេះ តំបន់ខ្ពង់រាប៖ សីតុណ្ហភាពអប្បបរមា នឹងអាចចុះត្រជាក់ក្នុងរង្វង់ពី ១៦-១៨ °C នៅបណ្តាខេត្តមួយចំនួន៖ ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ។ ចំណែក តំបន់មាត់សមុទ្រ៖ សីតុណ្ហភាពអប្បបរមា នឹងអាចចុះត្រជាក់ក្នុងរង្វង់ពី ១៨-២០°C។ នៅលើផ្ទៃសមុទ្រ អាចមានរលកក្នុងកម្រិតពីមធ្យមទៅបង្គួរ។
ក្រសួងអំពាវនាវដល់សាធារណជន ជាពិសេសប្រជាពលរដ្ឋ និង វីរៈកងទ័ពដែលរស់នៅនិងឈរជើងនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន្ត ព្រមទាំងប្រជានេសាទ សូមបង្កើនការយកចិត្តទុកដាក់ថែរក្សាសុខភាព ចំពោះស្ថានភាពចុះត្រជាក់នេះ៕