មុនកើតហេតុ ជនរងគ្រោះបានក្រាបសំពះបាតជើងសុំខមាលទោសម្តាយ ដូចឱ្យប្រផ្នូលដឹងមុន
ក្រោយផ្ទុះល្បីករណីបាញ់កក្រើកនៅខេត្តបាត់ដំបង នៅថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០២២ ម្ដាយជនរងគ្រោះដែលត្រូវបានគេបាញ់សម្លាប់នៅសួនច្បារខេត្តបាត់ដំបង បានបង្ហោះរូបភាពកូនប្រុសជាទីស្រឡាញ់របស់ខ្លួនជាលើកចុង និង បង្ហោះសារយ៉ាងរំជួលចិត្តបំផុត។
ស្ត្រីជាម្ដាយជនរងគ្រោះ ដែលមានគណនីហ្វេសប៊ុកឈ្មោះ ម៉ាក់ លីហ្សា បានពោលដោយក្ដីអាល័យបែបនេះថា ៖ «អាយុខ្លីម៉្លេះកូនមាសម្តាយ សូមកូនទៅឱ្យបានសុខ កើតជាតិណាៗកុំឱ្យអាយុខ្លីដូចជាតិនេះ។ ម៉ាក់ស្រឡាញ់ស្មើជីវិត ចាប់ពីថ្ងៃនេះទៅម៉ាក់លែងឮសំឡេងហៅម៉ាក់ទៀតហើយ។ យប់មិញសោះមកសុំខមាលទោសម៉ាក់ប៉ាហើយស្រោចទឹកឱ្យកូនមិនទេ។ សូមច្បាប់ជួយរកយុត្តិធម៌ឱ្យកូនខ្ញុំផង»។
សូមរំឭកផងដែរថា កាលពីវេលាម៉ោង ៤ និង ០០ នាទីទៀបភ្លឺ នៃយប់ថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២២ នៅចំណុចសួនច្បារមាត់ស្ទឹងសង្កែត្រើយខាងលិចទល់មុខធនាគារ FTB ស្ថិតនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីបាញ់បោះដោយអាវុធមួយបានកើតឡើង ដែលករណីនេះបង្កដោយជនសង័្សយជិះរថយន្តមួយគ្រឿងបានប្រើប្រាស់ កាំភ្លើងខ្លីបាញ់ជាច្រើនគ្រាប់សំដៅទៅលើក្រុមយុវជនមួយក្រុមដែលកំពុងអង្គុយនៅចំណុចនោះ ដែលក្នុងនោះមានជនរងគ្រោះចំនួន ៣ នាក់ ភេទប្រុស ដោយរងរបួសស្រាលចំនួន ២ នាក់ និង បាត់បង់ជីវិតម្នាក់៕