សត្វខ្លាលឿងមាស ប្រភេទសត្វខ្លាកម្រនៅលើពិភពលោក មានវត្តមាននៅក្នុងប្រទេសកម្ពុជា
កម្ពុជា៖ សត្វខ្លាលឿងមាសជាប្រភេទសត្វខ្លាកម្រនៅលើពិភពលោក។ ខ្លាលឿងមាស Asiatic golden cat (Catopuma temminckii) ជាប្រភេទមំសាសត្វមាឌតូចស្ថិតក្នុងត្រកូលខ្លាទាំង ៨ ប្រភេទ ដែលធ្លាប់មានវត្តមាន និងកំពុងបន្តមានវត្តមាននៅក្នុងប្រទេសកម្ពុជា។ ខ្លាលឿងមាស ត្រូវបានចាត់ថ្នាក់ជាប្រភេទជិតទទួលរងគ្រោះ (NT) នៅក្នុងបញ្ជីក្រហម IUCN និងចុះក្នុងបញ្ជីឧបសម្ព័ន្ធទី១ នៃអនុសញ្ញាCITES។
យោងតាមទិន្នន័យរូបភាពនិងលទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់មន្ត្រីជំនាញនៃក្រសួងបរិស្ថាន ឧទ្យានជាតិវីរៈជ័យដែលជាឧទ្យានបេតិកភណ្ឌធម្មជាតិអាស៊ានជាតំបន់ដែលសម្បូណ៌ជីវៈចម្រុះក្នុងនោះប្រភេទសត្វព្រៃជាច្រើនដែលជាប្រភេទសត្វកម្រត្រូវបាន រកថតបានតាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិដែលក្រុមការងារស្រាវជ្រាវនៃនាយកដ្ឋានអភិរក្សធម្មជាតិដីគោកខាងកើតទន្លេមេគង្កនៃក្រសួងបរិស្ថានបានដាក់រយៈពេល ៣ ខែពីខែមីនាដល់ខែឧសភា ឆ្នាំ២០២១។
ខ្លាលឿងមាសមានទម្ងន់ប្រមាណ ៩-១៦ គីឡូក្រាម ហើយភាគច្រើនស៊ីពពួកសត្វដង្កេរ (ដូចជាកំប្រុក កណ្តុរ កង្ហិច កង្ហែន) សត្វស្លាប ល្មូន ក្តាន់ញ៉ែង ពពួកពានរ ហើយជួនកាលសត្វឈ្លូសជាចំណី។ ខ្លាលឿងមាសភាគច្រើនរស់នៅក្នុងព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង ព្រៃល្បោះចម្រុះនៅក្នុងតំបន់ការពារធម្មជាតិមួយចំនួននៅភូមិភាគឦសាន ភូមិភាគខាងជើង និងភូមិភាគនិរតី នៃប្រទេសកម្ពុជា។ មិនមានការសិក្សាស្រាវជ្រាវច្រើនទេពីប្រភេទសត្វនេះ។
តាមការសិក្សាស្រាវជ្រាវ សត្វត្រកូលខ្លាទាំង ៨ប្រភេទ ដែលធ្លាប់មានវត្តមាន និងកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជាមានខ្លាធំ ឬខ្លាដំបង (Tiger) ខ្លារខិន (Leopard) ខ្លាពពក (Clouded leopard) ខ្លាត្រី (Fishing cat) ខ្លាលឿងមាស (Asiatic golden cat) ខ្លាភ្ញីថ្មកែវ (Marbled cat) ឆ្មាព្រៃ (Jungle cat) និងឆ្មាដាវ (Leopard cat)។
វត្តមានខ្លាលឿងមាសត្រូវបានកត់ត្រាតិចតួចបំផុត ព្រោះជាប្រភេទសត្វកម្រក្នុងចំណោមត្រកូលសត្វខ្លាទាំង ៨ ប្រភេទ។ គេធ្លាប់ឃើញវត្តមានសត្វខ្លាលឿងមាសនៅក្នុងដែនជម្រកសត្វព្រៃស្រែពក ដែនជម្រកសត្វព្រៃភ្នំព្រេច និងក្នុងតំបន់ជួរភ្នំក្រវ៉ាញ ហើយចុងក្រោយនេះគឺសត្វខ្លាលឿងមាសដែលជាប្រភេទសត្វកម្របានរកឃើញនៅឧទ្យានជាតិវីរៈជ័យដែលបង្ហាញថាសត្វខ្លាលឿងមាសបន្ត មានវត្តមាននៅក្នុងប្រទេសកម្ពុជា៕