សន្លឹកកិច្ចការបេក្ខជនប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិពីតាមបណ្តាខេត្ត ត្រូវបានដឹកជញ្ជូនមកកាន់រាជធានីភ្នំពេញ

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាកថា តាំងពីព្រឹកព្រហាម ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ នេះ គណៈមេប្រយោគទូទាំងប្រទេសប្រចាំរាជធានី-ខេត្ត និងអប្បមាទ បានដឹកសន្លឹកកិច្ចការបេក្ខជន ​ព្រមទាំងសំណុំ​ឯកសារ​ពាក់ព័ន្ធនឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ពីតាមបណ្តាខេត្តនានា មកមណ្ឌលកំណែវិទ្យាល័យព្រះស៊ីសុវត្ថិ ក្រោយពីដំណើរការសំណេររយៈពេលពីរថ្ងៃបានបញ្ចប់ទៅដោយជោគជ័យ ក្រោមការពិនិត្យដោយអង្គភាពប្រឆាំងអំពើពុករលួយ និងការការពារសុវត្ថិភាពដោយកម្លាំងប្រដាប់អាវុធ។ ដោយឡែកសន្លឹកិច្ចការនៅរាជធានីភ្នំពេញ​ និងកំពង់ស្ពឺបានដឹកមករក្សាទុកនៅវិទ្យាល័យព្រះសុីសុវត្ថិរួចរាល់។

គួរឱ្យដឹងដែរថា ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់ យកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ពេលរសៀល សម្រាប់ប្រកាសលទ្ធផលប្រឡងនៅ រាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ សម្រាប់ខេត្ត ផ្សេងៗនៅទូទាំង ប្រទេស៕