អុញនោះ! ប្តឹងគ្រូមន្តស្នេហ៍ ទាមទារលុយ២មុឺនដុល្លា បទបរិហារកេរ្តិ៍

រាជធានីភ្នំពេញ ៖ លោកគ្រូស្នេហ៍មន្តអាគម អូមអាម ម្នាក់រហស្ស នាម (គ្រូផេះ គ្រូអង្គាម) ត្រូវបានលោកអធិការរងខណ្ឌឫស្សីកែវប្តឹងទាមទារជំងឺចិត្តនូវទឹក ប្រាក់ចំនួន២មុឺនដូល្លា បន្ទាប់ពីគ្រូស្នេហ៍ម្នាក់នោះបង្ហោះឡាយវីដេអូរបរិហារកេរ្តិ៍ នៅក្នុងបណ្តាញសង្គមដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសសេចក្តីថ្នូររបស់គាត់ (លោកអធិការរង)យ៉ាងខ្លាំង ។

យោងតាមពាក្យបណ្តឹងរបស់លោក លឹម សេរីសោភ័ណ្ឌ ហៅ ភ័ណ្ឌ អធិការរងខណ្ឌឫស្សីកែវដែលដាក់ប្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលគីឡូម៉ែត្រលេខ៦ អ្នកសារពត៌មានទទួលបានកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ បានរៀបរាប់ថា ខ្លួនសូមប្តឹងគ្រូស្នេហ៍មន្តអាគម អូមអាមម្នាក់ ឈ្មោះ ណុប សក្កដា ដែលមានហស្សនាម (គ្រូផេះគ្រូអង្កាម )ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅផ្លូវលេខជាតិ៥ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ពីបទបង្ហោះឡាយវីដេអូរបរិហារកេរ្តិ៍ ជាសាធារណៈ នៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ ក្នុងហេតុការណ៍ទំនាស់គ្នាមួយដែលលោកអះអាងថាលោកមិនបាននៅក្នុងហេតុការណ៍នោះទេ ។

នៅក្នុងពាក្យបណ្តឹងបានរៀបរាប់ទៀតថា កាលពីវេលាម៉ោង៩នឹង០០នាទីព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ បងថ្លៃរបស់គាត់ ឈ្មោះឈឹម ផារិទ្ធ ភេទប្រុស អាយុ៤៨ឆ្នាំបានដុតកន្ទុយសំបុត្រ ផ្ញើម៉ូតូនិងចុងសន្លឹក ចោលនៅមុខផ្ទះរបស់គាត់ដើម្បីជៀសវាងគេលួចយកទៅប្រើប្រាស់ក្នុងអំពើទុច្ចរិតណាមួយជាយថាហេតុ ខណៈនោះស្រាប់តែលោកគ្រូស្នេហ៍អូមអាមនោះ បញ្ជាកូនចៅមកពន្លត់ភ្លើងដែលបងថ្លៃប្រុសកំពុងដុតដោយពុំបានសួរនាំអ្វីទាំងអស់ ហើយថែមទាំងយកសំណល់កន្ទុយសំបុត្រដែលមិនទាន់ឆេះអស់ទៅទុកក្នុងផ្ទះរបស់ខ្លួន( លោកគ្រូអូមអាម) បើទោះបីបងថ្លៃរបស់គាត់ទៅសុំវិញយ៉ាងណាក៏មិនឱ្យវិញដែរ មិនតែប៉ុណ្ណោះលោកគ្រូស្នេហ៍អូមអាមនោះបានឡាយវីដេអូរបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក បរិហាកេរ្តិ៍ ជាសាធារណៈដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូររបស់គាត់យ៉ាងខ្លាំងដោយមិនអាចអត់អោនឱ្យបានឡើយ ហើយលោកអធិការរងបានទាមទារសំណងជំងឺចិត្តនូវទឹកប្រាក់ចំនួន២មុឺនដូល្លា ។

បើតាមអធិការរង លោក លឹម សេរីសោភ័ណ្ឌ បានប្រាប់អ្នកសារពត៌មានឱ្យដឹងថា បងថ្លៃរបស់គាត់បានរកសុីផ្ញើម៉ូតូនៅស្ថានីយ៍ទូរទស្សន៍CTN ហើយកន្ទុយសំបុត្រឬចុងសន្លឹកដែលនៅសល់ គឺយកមកផ្ទះហើយដុតបំផ្លាញចោលរាល់មួយអាទិត្យម្តង ដើម្បីជៀសវាងក្រែងជនខិលលួចយកកន្ទុយសំបុត្រឬចុងសន្លឹកផ្ញើម៉ូតូនោះទៅក្នុងបំណងមិនល្អណាមួយជាយថាហេតុ ប៉ុន្តែគ្រូស្នេហ៍អូមអាមនោះបែរជាពន្លត់ភ្លើងហើយយកកន្ទុយសំបុត្រនិងចុងសន្លឹកផ្ញើម៉ូតូទៅទុកក្នុងផ្ទះ ហើយពុំព្រមឱ្យវិញសោះ មិនដឹងមានបំណងអីទេ មិនតែប៉ុណ្ណោះ បង្ហោះឡាយវីដេអូរប្រមាថ បង្កាច់បង្ខូចកេរ្តិ៍ឈ្មោះគាត់នៅលើបណ្តាញសង្គមដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូរគាត់យ៉ាងខ្លាំង ទាំងគាត់មិនបាននៅក្នុងហេតុការណ៍នោះផង ។

ប្រភពពីអ្នករស់នៅជិតខាងនិយាយថា ក្នុងរយៈប៉ុន្មានខែចុងក្រោយនេះផ្ទះគ្រូស្នេហ៍នោះមិនមានភ្ញៀវចូលអ៊ូអរដូចមុនៗទៀតទេ ។ ការដុតក្រដាសកន្ទុយសំបុត្រនោះញឹកញាប់ ប្រហែលជាគ្រូស្នេហ៍នោះសង្ស័យថា ការដុតកន្ទុយសំបុត្រនោះមានដាក់មន្តអាគមអីដែលធ្វើឱ្យភ្ញៀវគ្រូស្នេហ៍នោះលែងចូល ទើបគ្រូស្នេហ៍ទៅពន្លត់ភ្លើងហើយរើ កកាយរកមើលក្រែងមានវត្ថុអី តែរកមិនឃើញ ។

ពាក់ពន្ធ័និងបញ្ហានោះ ភ្នាក់ងារសារពត៌មានបានជួបគ្រូស្នេហ៍មន្តអាគមតាមទូរសព្ទ័ កាលពីព្រឹកថ្ងៃទី៤ ខែធ្នូដោយគាត់ច្រានចោលការចោទប្រកាន់របស់លោកអធិការរង ហើយថែមទាំងគំរាមថានឹងជួបថ្នាក់លើហើយដកតំណែងអធិការរងក្រវាត់ចោលទៀតផង ៕