ម្តាយគេម្តាយយើង វ័យ ៥៦ ឆ្នាំមែន តែតាំងចិត្តតស៊ូមកប្រឡងបាក់ឌុប ព្រោះចង់បានសញ្ញាបត្របំពេញក្ដីស្រមៃ
ហ្វ៊េសប៊ុកឈ្មោះ Lav Tola Serey Sophorn ដែលជាមន្រ្តីនៅអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើការបង្ហោះរូបភាពបេក្ខជនប្រឡងបាក់ឌុបម្នាក់ដែលមានអាយុ ៥៦ ឆ្នាំ ធ្វើឱ្យផ្ទុះការចាប់អារម្មណ៍ពីសំណាក់អ្នកលេងហ្វ៊េសប៊ុកយ៉ាងខ្លាំងកាលពីថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅ។
បេក្ខជនអាយុ ៥៦ ឆ្នាំនេះ បានប្រឡងបាក់ឌុបនៅឯមណ្ឌលសកលវិទ្យាល័យជាតិមានជ័យ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ នៃខេត្តបន្ទាយមានជ័យ ដោយក្នុងសំណេរនៃការបង្ហោះនោះបានបញ្ជាក់ថា ការដែលបេក្ខជនរូបនេះមកប្រឡងគឺមានគោលបំណងប្រឡងឱ្យជាប់ និង ទទួលបានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ២០២២ ព្រោះតែចង់ក្លាយជាគ្រូបង្រៀនម្នាក់ អាចបានលុយមកចិញ្ចឹមកូន។
គួរបញ្ជាក់ដែរថា ស្រ្តីរូបនេះគឺមានកូន ៤ នាក់ក្នុងបន្ទុក ហើយពេលមកប្រឡងមានស្ពាយតែទឹកមួយដប បាយមួយប្រអប់ដាក់កាបូបមកតែប៉ុណ្ណោះ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយមហាជនជាច្រើនបានធ្វើការបញ្ចេញមតិជូនពរឱ្យគាត់ទទួលបានជោគជ័យក្នុងការប្រឡងនេះ និង អាចសម្រេចក្ដីស្រមៃបាន៕
ប្រភព និង រូបភាពដោយ ៖ Lav Tola Serey Sophorn