ឥណ្ឌូនេស៊ី ជម្លៀសពលរដ្ឋជិត ២ ពាន់នាក់ភ្លាមៗ ក្រោយភ្នំភ្លើងមួយផ្ទុះនៅកោះជ្វា
ភ្នំភ្លើង Semeru នៅខេត្ត East Java ប្រទេសឥណ្ឌូនេស៊ី បានផ្ទុះឡើង ជះផ្សែង និង ផេះខ្មួលខ្មាញ់ឡើងលើអាកាសក្នុងកម្ពស់ ១៥ គីឡូម៉ែត្រ និង បណ្ដាលឱ្យអាជ្ញាធរក្នុងតំបន់ ចេញការប្រកាសអាសន្នជម្លៀសប្រជាពលរដ្ឋជិត ២ ពាន់នាក់ភ្លាមៗ។
មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាជាក់លាក់ បញ្ជាក់ពីអ្នកស្លាប់ និង របួសនៅឡើយទេ។ យ៉ាងណាមិញ ដងផ្លូវភាគច្រើនត្រូវបានប្រកាសបិទ ខណៈកំទេចផេះភ្នំភ្លើងបានជះសាយភាយគ្របដណ្ដប់ពាសពេញភ្នំ និង តំបន់ក្បែរនោះ។
គួររំឭកថា ភ្នំ Semeru គឺជាភ្នំភ្លើងខ្ពស់ជាងគេបំផុតមួយនៅលើកោះជ្វា។ ជាក់ស្ដែង កាលពីឆ្នាំមុន បន្ទុះភ្នំភ្លើងមួយនេះ បានបណ្ដាលឱ្យមនុស្សជាង ៥០ នាក់បាត់បង់ជីវិត និង ពលរដ្ឋរាប់ពាន់នាក់ផ្សេងទៀតត្រូវបង្ខំចិត្តផ្លាស់ទីកន្លែងរស់នៅ៕