មិនឲ្យចាញ់គ្នាប៉ុន្មានឡើយ មកមើលទិដ្ឋភាពក្នុងរោងការរបស់ចៅស្រីបន្ទាប់របស់ ឯកឧត្តម ជា សុផារ៉ា ក៏រៀបចំគគ្រឹកគគ្រេង

មហាជន អ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន បាននាំគ្នាកោតសរសើរជាពន់ពេក នូវពិធីមង្គលគ្រួសារអភិជនអ្នកមានមុខមាត់ក្នុងសង្គមកម្ពុជា ដែលបានប្រារព្ធចាប់ពីថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ ២០២២ ជាថ្ងៃចូលរោងជ័យ រៀបចំឡើងដោយមានគ្រឿងព័ស្ដុភារបណ្ដាការរៀបជាជួរៗសុទ្ធសឹងតែជារបស់មានតម្លៃ ប្រណីតៗ ព្រមជាមួយការរៀបចំតុបតែងលម្អ មានផ្កាស្រស់ចម្រុះពណ៌យ៉ាងស្រស់ស្អាត ប្រកបដោយក្បូរក្បាច់រចនាត្រជាក់ភ្នែក ប្រៀបដូចទៅនឹងឋានសួគ៌លើដី។

ពិធីសិរីសួស្ដីជ័យមង្គលដ៏គគ្រឹកគគ្រេងនេះផងដែរ ត្រូវបានគេដឹងថា ជាមង្គលការរបស់វង្សត្រកូលអ្នកអភិជនជាន់ខ្ពស់ ដោយកូនកំលោះឈ្មោះ ប៉ែន សំអាត សុទ្ធចិត្ត ជាកូនប្រុស​របស់​លោក​ជំទាវ ហាក់ ស្រីទូច និង ​លោក​​​បណ្ឌិត​ ប៉ែន សំអាត ទីប្រឹក្សាផ្ទាល់សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង ​ជា​អនុរដ្ឋលេខាធិការ​ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ចំណែកឯកូនក្រមុំមានឈ្មោះ អ៊ាង និធិជ្ជនី ដឺណេ ជាចៅស្រី ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ និង ត្រូវ​ជា​កូនស្រីរបស់ឯឧត្តម អ៊ាង សុផល្លែត និង ​លោកជំទាវ ជា សុផាកន្នី។

ពិធីដ៏អធិកអធមខាងលើ បានប្រារព្ធឡើងនៅភូមិគ្រឹះដ៏ធំស្កឹមស្កៃមហាសាលរបស់ឯកឧត្តម ជា សុផារ៉ា ស្ថិតនៅទួលសង្កែទី ២ ដែលមានវត្តមានចូលរួមពីថ្នាក់ដឹកនាំកំពូលៗ ឯកឧត្តម លោកជំទាវ ឧកញ៉ា ព្រមទាំងភ្ញៀវកិត្តិយសយ៉ាងច្រើនសម្បើមដែលសុទ្ធសឹងតែជាអ្នកមានមុខមាត់ក្នុងសង្គម៕