ឃាត់​រថយន្ត​ថៃ​ដឹក​ម៉ូតូ​ថ្មី​ Scoopy CLick ៤៤​គ្រឿង ​លោត​ឆ័ត្រ គ្មាន​ឯកសារ​ពន្ធគយ ​និង​នាំចូល​នៅ​ច្រក​ព្រំដែន​តំបន់​ម៉ាឡៃ​, ក្រុមហ៊ុន​ថា ​រំលោភ​កម្មសិទ្ធិបញ្ញា​!


បន្ទាយមានជ័យ​៖ មន្ត្រី​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រក​ទ្វារ ​និង​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​តំបន់​ម៉ាឡៃ​ បាន​ឃាត់​រថយន្ត​ផ្ទុក ​១​គ្រឿង​ម៉ាក​ហ៊ីណូ ពាក់​ស្លាក​លេខ​៦៣ ៣៣៤៥ ក្រុង​បាងកក​ដែល​ផ្ទុក​ម៉ូតូ​ថ្មី​ចំនួន​ ៤៤​គ្រឿង​កាល​ពី​ម៉ោង​ ១១​ថ្ងៃត្រង់​ថ្ងៃ​ទី​២ ​ខែ​ធ្នូ ២០១៨នេះ។

លោក ជា សេង​អាន ប្រធាន​ទីស្នាក់ការ​ត្រួត​ពិនិត្យ​ច្រក​ទ្វារ​ តំបន់​ម៉ាឡៃ​ប្រាប់​ល្ងាច​ថ្ងៃ​ទី​២​ធ្នូ​ថា​ ការ​ឃាត់​ហើយ​រក្សាទុក​នៅ​នឹង​តំបន់​ច្រក​នេះ ​ក៏​មាន​ការ​សម្រប​សម្រួល​ពី​លោក​ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​ផង​ដែរ។

ការ​ឃាត់​នោះ​ដោយសារ​គ្មាន​ឯកសារ​បង់​ពន្ធគយ​នាំចូល​ និង​ឯកសារ​នាំចូល ហើយ​ក៏​គ្មាន​ឈ្មោះ​បុគ្គល​ និង​ឈ្មោះ​ក្រុមហ៊ុន​ណា​ជា​ម្ចាស់​នោះ​ឡើយ។ ហើយ​មាន​ផ្ទុក​ម៉ូតូ​ទាំង​ ៤៤​គ្រឿង​នោះ​មាន​ម៉ាក​ហុងដា​ CLick ​(Honda) និង​ហុងដា​ស្គូប​ពី​(Honda Scoppy) សេរី​ឆ្នាំ​២០១៩។

ទោះ​យ៉ាង​ណា​លោក នេ​ត ចន្ថា ប្រធាន​ការិយាល័យ​គយ​ និង​រដ្ឋាករ​ច្រក​ព្រំដែន​តំបន់​ម៉ាឡៃ​បាន​ប្រាប់​មន្ត្រី​ច្រក​ថា ករណី​ខាង​ម្ចាស់​ម៉ូតូ​នៅ​ជំពាក់​ឯកសារ​ ឬ​ថា​មិន​ទាន់​មាន​ឯកសារ​នៅឡើយ​។

ចំណែក​ប្រភព​បុគ្គលិក​ក្រុមហ៊ុន​ប្រាប់​បណ្ដាលព័ត៌មានយើង កាលពី​ថ្ងៃ​ទី​៣ ខែ​ធ្នូ​ ២០១៨នេះថា ការ​នាំ​ចូល​ដោយ​បុគ្គល​ឯកជន ហើយ​មន្ត្រី​គយ​ឃុបឃិត​ និង​លាក់​ឈ្មោះ​ផង​ទៀត​ បែបនេះ​បាន​រំលោភ​លើ​កម្ម​សិទ្ធ​បញ្ញា​របស់​ក្រុមហ៊ុន​អិនស៊ីអិ​ច (​សិទ្ធ​ផ្ដាច់មុខ​របស់​ក្រុមហ៊ុន ​HONDA MOTOR Co.,Ltd ចុះ​ថ្ងៃ​ទី​២៤​ កុម្ភៈ​ឆ្នាំ​២០១៧ ) ដែល​កា​រក​ត្រា​ទទួលស្គាល់​សិទ្ធ​នាំចូល ​និង​ចែកចាយ​ផ្ដាច់​មុខ​ផលិតផល​ម៉ូតូ​ និង​គ្រឿង​បន្លាស​ម៉ាក :HONDA. DREAM, WAVE, FUTURE, SONIC, CLICK ​និង​ HONDA Scoppy ក្នុង​ព្រះរាជា​ណា​ក្រ​កម្ពុជា ​របស់​ក្រុមហ៊ុន​អ៊ិន​ស៊ីអិ​ចដែល​ចេញ​ដោយ​ក្រសួងពាណិជ្ជកម្ម។

លោក​បាន​បន្ត​ថា​ ការ​ឃុបឃិត​ដោយ​មន្ត្រី​ជំនាញ​សមត្ថកិច្ច​បែបនេះ ជា​អំពើ​ខុសច្បាប់ហើយ​រំលោភ​ធ្ងន់ធ្ងរ​ ដល់​កម្ម​សិទ្ធិបញ្ញា​របស់​ក្រុមហ៊ុន​។​ លោក ជា សេង​អាន បញ្ជាក់​ដែរ​ករណី​នេះ​គ្មាន​អ្វី​ចម្រូងចម្រាស​ឡើយ ដោយ​គ្រាន់តែ​ម្ចាស់​ម៉ូតូ​នាំចូល​បង្ហាញ​ឯកសារ​បែបបទ នឹង​ប្រគល់ ហើយ​អោយ​នាំចូល​ស្រប​ច្បាប់៕ (M)