ពិធីបុណ្យរំលឹកគុណអង្គរ នឹងរៀបចំឡើង​នៅថ្ងៃទី១៤-១៦ ខែធ្នូ ជារៀងរាល់ឆ្នាំ ​

សៀមរាប៖​ យោងតាមសេចក្តីជូនដំណឹងលេខ៤៨៦ សជណ.អវ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា បានយល់ព្រមជាគោលការណ៍ ឱ្យរៀបចំពិធីបុណ្យរំលឹកគុណអង្គរ នៅរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក សម្រាប់រយៈពេល​៣ថ្ងៃ នៅថ្ងៃទី១៤-១៦ ខែធ្នូ ឆ្នាំ២០២២​ ជារៀងរាល់ឆ្នាំ គិតចាប់ពីឆ្នាំ២០២២ តទៅ។

ក្នុងនោះដែរ ដើម្បីឱ្យពិធីបុណខាងលើ អាចប្រព្រឹត្តទៅដោយរលូន ប្រកបដោយប្រសិទ្ធភាព និងជោគជ័យ ក្រសួងវប្បធម៌ និងវិចត្រសិល្បៈ ណែឱ្យអាជ្ញាធរជាតិអប្សរា រៀបចំសកម្មភាពលម្អិតពាក់ព័ន្ធនឹងពិធីបុណ្យនេះ ទីតាំងប្រារព្ធពិធី សមាសភាពចូលរួម លិខិតអញ្ជើញ ខ្លឹមសារបដា សុន្ទរកថាថ្នាក់ដឹកនាំ និងលទ្ធភាព ថវិកាជាដើម។ល។

ត្រូវរៀបចំសេចក្តីជូនដំណឹង និងការសម្ភាសន៍ឥស្សរជន អ្នកជំនាញការជាតិ និងអន្តរជាតិ ថ្នាក់ដឹកនាំពាក់ព័ន្ធ វិស័យឯកជន និងសាធារណជន តាមការចាំបាច់ រំលេចបង្ហាញអំពីសារសំខាន់ ខ្លឹមសារ និងគុណប្រយោជន៍នៃការរៀបចំពិធីបុណ្យ ដើម្បីផ្សព្វផ្សាយតាមគ្រប់មធ្យោបាយ ជូនសាធារណជនជ្រាប ជាពិសេសយុវជនឱ្យកាន់តែមានស្មារតីមុតមាំថែមទៀតក្នុងការចូលរួមថែរក្សា ការពារ លើកតម្លៃបេតិកភណ្ឌជាតិ និងចូលរួមឱ្យបានកុះករ។

បន្ថែមពីនេះ ត្រូវរៀបចំដាក់តាំងបង្ហាញនូវសមិទ្ធផលសម្រេចបាននានារបស់ខ្លួន និងជាពិសេសសមិទ្ធផលសម្រេចបានជាមួយដៃគូជាតិ និងអន្តរជាតិ នៅតាមទីតាំងសំខាន់ៗនានា ដើម្បីរំលេចឱ្យឃើញនូវការចូលរួមចំណែកដ៏មានតម្លៃ ក្នុងកិច្ចថែរក្សា ការពារ និងអភិរក្សឱ្យបានគង់វង្សនៃបេតិកភណ្ឌជាតិ។ ទាកទងជាមួយអគ្គនាយកដ្ឋាននានា នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួង/ស្ថាប័ន អាជ្ញាធរ/អង្គភាពរដ្ឋ និងឯកជនពាក់ព័ន្ធ ស្នើសុំកិច្ចសហការដើម្បីភាពជោគជ័យនៃពិធី ក៏ដូចជាកៀរគរប្រមែប្រមូលនូវធនធានបន្ថែមសម្រាប់ការរៀបចំពិធីឱ្យកាន់តែសំបូរបែប និងអធិកអធម៕