រាជរដ្ឋាភិបាលកម្ពុជា បញ្ចេញថវិកាបន្ថែម១០លានដុល្លារ ប្រមូលទិញស្រូវអង្ករពីប្រជាកសិករ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានសម្រេច បញ្ចេញថវិកាបន្ថែម១០លានដុល្លារ សម្រាប់ការប្រមូលទិញស្រូវ ពីប្រជាកសិករតាមតម្លៃ សមស្រប ចៀសវាងការទិញទម្លាក់ថ្លៃពីឈ្មួញខិលខូច។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅថ្ងៃទី២១ ខែវិច្ឆិកា បានឱ្យដឹងថា «ដើម្បីជំរុញការប្រមូលទិញស្រូវ និងជួយរក្សា ស្ថិរភាព តម្លៃស្រូវជូនប្រជាកសិករ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជា សេនាធិការ បានគិតគូរយ៉ាងយកចិត្តទុកដាក់ខ្ពស់ និងបានសម្រេចផ្តល់ ថវិកាបន្ថែមចំនួន ១០លានដុល្លារអាម៉េរិក លើមូលនិធិសម្រាប់ទិញស្រូវចំនួន ៨៣លានដុល្លារ អាម៉េរិក តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សម្រាប់គាំទ្រដល់រោង ម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុនកែច្នៃនាំចេញអង្ករ ក្នុងការប្រមូលទិញស្រូវពីប្រជាកសិករ តាមតម្លៃសមស្រប ចៀសវាងការទិញទម្លាក់ថ្លៃពីឈ្មួញខិលខូចមួយចំនួន»។

សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ តម្លៃស្រូវមានការប្រែប្រួលនៅតាមបណ្តា ខេត្តផលិតស្រូវមួយចំនួន ពិសេសខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ដែលបណ្តាល មកពីរដូវប្រមូលផលធំ ហើយមានការច្រូតកាត់ព្រមគ្នា ជាហេតុធ្វើឱ្យបរិមាណស្រូវដែលត្រូវ លក់មានចំនួនច្រើនក្នុងពេលតែមួយ។

កត្តានេះ បានធ្វើឱ្យរោងម៉ាស៊ីនកិនស្រូវ ពុំអាច ប្រមូលទិញស្រូវទាំងអស់នោះបាន ដែលនាំឱ្យតម្លៃស្រូវមានការប្រែប្រួលធ្លាក់ចុះ បើធៀបទៅ នឹងដើមរដូវ។ ហេតុដូចនេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សូមអំពាវនាវឱ្យប្រជា កសិករតាមតំបន់ដែលត្រូវប្រមូលផលស្រូវ សូមដាក់កម្មវិធីច្រូតកាត់ជាមួយ រោងម៉ាស៊ីនកិនស្រូវនៅក្នុងតំបន់របស់ខ្លួន ដើម្បីចៀសវាងការប្រមូល ផលក្នុងពេល តែមួយព្រមគ្នា ដែលអាចបណ្តាលឱ្យមានការបង្អាប់ថ្លៃស្រូវ។

ឆ្លៀតក្នុងឱកាសនេះផងដែរ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សូមថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅចំពោះ សមាជិកសហព័ន្ធស្រូវ-អង្ករ កម្ពុជា (Cambodia Rice Federation) ដែលបានជួយទិញស្រូវ ពីប្រជាកសិករក្នុងតម្លៃសមរម្យនាពេលកន្លងមក និងជួយទិញបន្តទៀត៕

ប្រភព៖ ក្រសួងព័ត៌មាន