គួរប្រុងប្រយ័ត្ន! នេះជាមុខសញ្ញាស្ត្រីឆបោក ធ្វើសកម្មភាពឆបោកបន្លំមួយឆ្ងាញ់ដៃតាមកន្លែងលក់ដូរ
នាពេលថ្មីៗនេះ មហាជននាំគ្នាភ្ញាក់ផ្អើលចំពោះល្បិចឆបោកថ្មីជាមួយជនសង្ស័យមួយរូប សង្ស័យជាជនជាតិឥណ្ឌា ធ្វើសកម្មភាព ០២ នាក់ប្ដីប្រពន្ធ នៅតាមទីកន្លែងលក់ដូរមួយចំនួន ដែលអ្នកលក់ដូរ គួរប្រុងប្រយ័ត្នជាពិសេស។
ជាក់ស្តែងកាលពីកន្លងទៅនេះ មានរូបភាព និង វីដេអូរបស់ជនសង្ស័យខាងលើ ត្រូវបានបង្ហោះដោយគណនី Tiktok ឈ្មោះ ezeshop11 ដោយជនសង្ស័យខាងលើ មានក្រណាត់បាំងមុខ ពាក់មួកសុវត្ថិភាព ចូលទៅក្នុងហាងធ្វើជាទិញទំនិញ ដោយឱ្យក្រដាស ១០០$ ដើម្បីឱ្យគេអាប់ ក្រោយឃើញលុយអាប់គេក៏ធ្វើជាមិនយល់ក៏បន្លប់អ្នកលក់ រហូតយកបានទាំងលុយដើម និង លុយដែលត្រូវអាប់ទៀត រួចជិះទៅជាមួយបុរសជាប្ដីដែលអង្គុយលើម៉ូតូចាំនៅខាងក្រៅ។
ទន្ទឹមទៅនឹងករណី និង ភិនភាគខាងលើ កាលពីថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២២ ម្សិលមិញនេះ តាមរយៈគណនីហ្វេសប៊ុកឈ្មោះ Bella Lucas ក៏បានបង្ហោះថា ជួបប្រទះនូវជនសង្ស័យខាងលើផងដែរ ដោយបញ្ជាក់បែបនេះថា ៖ «មកដល់ 2004 ហើយ អាអ្នកបោក ជួយចាប់ផងបងប្អូន ខ្ញុំលក់ម្នាក់ឯងគ្រាន់តែទាញទូរសព្ទថត វារត់បាត់ វាមិនទាន់និយាយអីមកកាន់ខ្ញុំទេ គ្រាន់តែឃើញវាមកដល់ទាញថត វាដាក់មេប្រុចបាត់។ ប្រុងប្រយត្នទាំងអស់គ្នា ទាំងឱសថស្ថាន និង Baby Mart»៕
សូមទស្សនាវីដេអូនៅខាងក្រោម ៖