កូរ៉េខាងជើង ចោទថាប្រមុខ UN លម្អៀងទៅខាងសហរដ្ឋអាមេរិក ក្រោយថ្កោលទោសការធ្វើតេស្ដមីស៊ីល ICBM
(សេអ៊ូល)៖ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោកស្រី ឆូ សុន ហ៊ុយ (Choe Son Hui) នៅថ្ងៃចន្ទនេះបានបង្ហាញការសោកស្ដាយយ៉ាងខ្លាំងចំពោះការថ្កោលទោសពីសំណាក់ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតឺរ៉េស (Antonio Guterres) ជុំវិញការធ្វើតេស្ដមីស៊ីលបាលិស្ទីគអន្តរទ្វីប និងចោទថាប្រមុខ UN រូបនេះលំអៀងទៅ ខាងសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២។
កូរ៉េខាងជើង កាលពីថ្ងៃសុក្រសប្ដាហ៍មុន បានបាញ់សាកល្បងមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM មួយគ្រាប់ ដែលទទួលបានការថ្កោលទោសពីលោក ហ្គូតឺរ៉េស ជាមួយការជំរុញឱ្យ ទីក្រុងព្យុងយ៉ាងបញ្ឈប់សកម្មភាពបង្កហេតុតទៅទៀត។ ប៉ុន្តែ លោកស្រី ឆូ សុន ហ៊ុយ បាននិយាយថាប្រមុខ UN រូបនេះបានប្រកាន់យកអាកប្បកិរិយាគួរឱ្យសោកស្ដោយ ដោយ ហាក់ដូចជាធ្វើគថ្លង់ចំពោះគោលការណ៍ និងធម្មនុញ្ញ UN ដែលរក្សាភាពយុត្តិធម៌ និងមិនលម្អៀង។ លោកស្រី ឆូ បានបញ្ជាក់ដូច្នេះថា «កាលពីពេលថ្មីៗនេះយើងបានព្រមានឱ្យ អគ្គលេខាធិការ UN ពិចារណាលើបញ្ហាតំបន់ឧបទ្វីបកូរ៉េឈរលើគោលការណ៍យុត្តិធម៌ និងមិនលម្អៀង…តែផ្ទុយទៅវិញ អគ្គលេខាធិការ UN បែរជាទម្លាក់កំហុសគ្រប់យ៉ាងមកលើ កូរ៉េខាងជើង ជាជាងសហរដ្ឋអាមេរិកទៅវិញ។ មិនតែប៉ុណ្ណោះ លោកស្រី ឆូ ថែមទាំងបានហៅលោក ហ្គូតឺរ៉េសថាជាអាយ៉ងរបស់សហរដ្ឋអាមេរិកទៀតផង។
គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្ដាហ៍មុន កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM មួយគ្រាប់មានឈ្មោះថា វ៉ាសុង ១៧ (Hwasong-17) ហើយបើតាម យោធាកូរ៉េខាងត្បូង មីស៊ីលនេះហោះបានចម្ងាយ ១,០០០គីឡូម៉ែត្រ និងនៅរយៈកម្ពស់ ៦,១០០គីឡូម៉ែត្រ កំលុងការធ្វើតេស្ដ៕