ផ្ទុះការចាប់អារម្មណ៍! លោកជំទាវ ហ៊ុន ស៊ីណាត ប្រតិកម្មខ្លាំងៗទៅពិធីករ ដេវីដ និង គង់ ចន្ទស្រីមុំ រឿងហ៊ានប្រើសម្តីអសុរោះផ្ញើទៅព្រះអង្គម្ចាស់ព្រុយណេ
ពិតណាស់ ជុំវិញរឿងរ៉ាវដែលធ្វើឱ្យមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានផ្ទុះការចាប់អារម្មណ៍ និង ប្រតិកម្មយ៉ាងខ្លាំង ចំពោះពិធីករ និង ជាតារាសម្តែង លោក ដេវីដ កាលពីយប់ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅនេះ ជាមួយនឹងវីដេអូបែកធ្លាយមួយបង្ហាញពីការផ្ញើសារជាសំឡេងរបស់រូបគេទៅកាន់ព្រះអង្គម្ចាស់ Abdul Mateen ជាមួយពាក្យសម្តីយ៉ាងអសុរោះនោះមិនទាន់ស្ងប់ស្ងាត់នៅឡើយទេ។
បើទោះជាវីដេអូដែលបង្ហោះឡើយនោះត្រូវបានលុបចោលក៏ពិតមែន ប៉ុន្តែនៅមានមហាជនជាច្រើនក៏បានចម្លង និង យកវីដេអូនោះមកចែករំលែកបន្ត ជាមួយនឹងការផ្ទុះមតិវែកញែកជាច្រើនផុសផុលពេញបណ្តាញសង្គមទាំងហ្វេសប៊ុក និង Tiktok ផងដែរ។
យ៉ាងណា ជុំវិញរឿងរ៉ាវខាងលើ ពិធីករ និង តារាសម្តែងរូបនេះ ក៏បានចេញមុខមកសុំទោសជាសាធារណៈនូវកំហុសឆ្គងរបស់ខ្លួនផងដែរ តាមរយៈសារមួយនៅលើគណនីហ្វេសប៊ុករបស់លោករួចហើយដែរ។ រីឯអ្នកនាង គង់ ចាន់ស្រីមុំ ក៏បានចេញមកសុំទោសដូចគ្នា ក៏ព្រោះតែអ្នកនាងជាអ្នកបង្ហោះវីដេអូនោះឡើងលើគណនី IG របស់នាងផ្ទាល់។
យ៉ាងណាក៏ដោយ បើទោះជាតារាប្រុសស្រី ២ រូបខាងលើ បានចេញមុខមកសុំទោសតាមរយៈការបង្ហោះសារហើយក្តី មហាជនទូទៅក៏ហាក់នៅតែមិនស្រណុកចិត្តនៅឡើយ ក៏ព្រោះតែមហាជនបានលើកឡើងថាកំហុសខាងលើពាក់ព័ន្ធដល់ការអាប់ឱនដល់ប្រទេសជាតិ និង សិល្បៈនៅស្រុកខ្មែរ រហូតធ្វើឱ្យមានអ្នកបានស្នើសុំឱ្យ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈចេញមកចាត់វិធានការផងដែរ។
ដោយឡែក ក្រឡេកទៅមើលគណនីហ្វេសប៊ុករបស់ លោកជំទាវ ហ៊ុន ស៊ីណាត កាលពីយប់ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅ ក៏បានចេញមុខប្រិតកម្មដល់តារាប្រុសស្រី ២ រូបខាងលើ ដោយលោកជំទាវបានរៀបរាប់ថា ៖ «ទាំងប្រុស ទាំងនាងស្រី ខ្លួនជាតារានោះ ហ៊ានបង្ហោះក្នុង Instagram ប្រើពាក្យសម្តីបែបៗនេះមិនមែនអាប់ឱនតែខ្លួនឯងម្នាក់ទេ វាអាប់ឱនប្រជាជនខ្មែរទូទាំងប្រទេសមុននឹងនិយាយ មុននឹងធ្វើម៉េចក៏មិនគិតពិចារណាមើលសិន។ ព្រះអង្គយាងមកប្រទេសខ្មែរ ទាំងបិតាផ្តល់កិត្តិយសដល់ប្រជាជនខ្មែរទាំងអស់ ទូទាំងប្រទេសខ្លួនឯងក៏ជាតារាល្បីទាំងពីរនាក់ដែរ នេះជាមេរៀនមួយដល់មនុស្សទូទាំងប្រទេសមុននឹងនិយាយអ្វីត្រូវគិតៗចាំនិយាយ ដូចពាក្យចាស់ៗលោកពោលថាអណ្ដាតជាអាទិ៍កន្លង គួរតែអ្នកផងប្រយ័ត្នអណ្ដាត ស្លាប់ព្រោះអណ្ដាត។ តាំងឡើងចេញអា វប្បធម៌សូមទោសរួចខ្លួនទៀត»៕