ផ្ទុះការចាប់អារម្មណ៍ និង ប្រតិកម្មយ៉ាងខ្លាំង លើពិធីករ ដេវីដ ក្រោយបែកធ្លាយវីដេអូផ្ញើសារសំឡេងយ៉ាងអសុរោះទៅព្រះអង្គម្ចាស់ Abdul Mateen

កាលពីយប់ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅនេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានផ្ទុះការចាប់អារម្មណ៍ និង ប្រតិកម្មយ៉ាងខ្លាំង ចំពោះពិធីករ និង ជាតារាសម្តែង លោក ដេវីដ ក្រោយបានឃើញវីដេអូបែកធ្លាយមួយបង្ហាញពីការផ្ញើសារជាសំឡេងរបស់រូបគេទៅកាន់ព្រះអង្គម្ចាស់ Abdul Mateen ជាមួយពាក្យសម្តីយ៉ាងអសុរោះ ដែលបង្ហោះឡើងដោយគណនី Tik Tok របស់អ្នកនាង គង់ ចាន់ស្រីមុំ។

វីដេអូនោះដែរ លោក ដេវីដ បាននិយាយរៀបរាប់បែបលេងសើច តែហាក់ជ្រុលជ្រួសដោយបានប្រើប្រាស់ពាក្យអសុរសខ្លាំងជាសំឡេងបានផ្ញើរទៅកាន់ Instagram របស់ព្រះរាជបុត្រា នៃប្រទេសប្រុយណេ Abdul Mateen ធ្វើឱ្យមហាជនផ្ទុះប្រតិកម្ម មានការមិនពេញចិត្តយ៉ាងខ្លាំង។

បើទោះជាវីដេអូដែលបង្ហោះឡើយនោះត្រូវបានលុបចោលក៏ពិតមែន ប៉ុន្តែនៅមានមហាជនជាច្រើនក៏បានចម្លង និង យកវីដេអូនោះមកចែករំលែកបន្ត ជាមួយនឹងការផ្ទុះមតិវែកញែកជាច្រើនផុសផុលពេញបណ្តាញសង្គមទាំងហ្វេសប៊ុក និង Tiktok ផងដែរ៕