លោក ឃួង ស្រេង ថ្លែងអំណរគុណកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ អាជ្ញាធរដែនដី ពិសេសការចូលរួមពីប្រជាពលរដ្ឋ ដែលធ្វើឲ្យកិច្ចប្រជុំកំពូលអាស៊ាន ទទួលជោគជ័យ
(ភ្នំពេញ)៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ព្រមទាំងកិច្ចប្រជុំកំពូលពាក់ពន្ធ័ ទើបបានបញ្ចប់ នៅថ្ងៃទី១៤ ខែវិច្ចិកា ឆ្នាំ២០២២នេះ នៅរាជធានីភ្នំពេញ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងដឹកនាំកិច្ចប្រជុំ ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងនាមជាប្រធានអាស៊ានប្តូរវេន នៅឆ្នាំ២០២២នេះ បានទទួលជោគជ័យយ៉ាងធំធេង និងបានធ្វើឲ្យកិត្យានុភាពរបស់កម្ពុជា កាន់តែល្បីរន្ទឺលើឆាកអន្តរជាតិ និងជាកិត្តិយសដ៏ធំសម្បើមសំរាប់ប្រជាជនកម្ពុជាទាំងមូល។
ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤២ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៣ នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បាននិយាយថា ព្រឹត្តិការណ៍ជាតិ និងអន្តរជាតិ នៅរាជធានីភ្នំពេញ ក្នុងអំឡុងខែតុលា និងខែវិច្ឆិកា ឆ្នាំ២០២២នេះ បានធ្វើឲ្យពិភពលោកសម្លឹងមើលមកកម្ពុជាជាប្រទេសតូច តែមានសមត្ថភាពខ្ពស់ ក្នុងដំណើរការរៀបចំកិច្ចប្រជុំធំៗជាច្រើន ក្នុងនាមប្រធានអាស៊ាន និងធ្វើជាម្ចាស់ផ្ទះ ធានាសន្តិសុខ សុវត្ថិភាព ការពារមេដឹកនាំកំពូលៗ លំដាប់ពិភពលោក បានយ៉ាងល្អប្រសើរ រួមទាំងការរៀបចំកែលំអរសោភណ្ឌភាព ហេដ្ឋារចនាសម្ពន្ធ័ ក្នុងរាជធានីភ្នំពេញ ឲ្យស្រស់បំព្រង ដើម្បីទទួលស្វាគមន៍ប្រតិភូ សំរាប់កិច្ចប្រជុំកំពូលអាស៊ានផងដែរ។
នាឱកាសនោះ លោក ឃួង ស្រេង រាជធានីភ្នំពេញ បានចែករំលែកនូវភាពជោគជ័យ ក្នុងការចូលរួមរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ព្រមទាំងកិច្ចប្រជុំកំពូលពាក់ពន្ធ័របស់រាជធានីភ្នំពេញដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
លោកអភិបាលរាជធានី បានបន្តថា «យើងបានទទួលប្រតិភូ ប្រទេសមហាអំណាច និងបានផ្តល់កិច្ចការពារសុវត្ថិភាពជូនប្រតិភូ ដោយយើងទទួលបានការកោតសរសើរពីថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន និងប្រទេសជាដៃគូសន្ទនា ពីការរក្សាការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ និងអនាម័យ បរិស្ថាន បានល្អប្រសើរ។ នេះជាកិត្តិយសដ៏ធំធេង សំរាប់កម្ពុជា និងសំរាប់រាជធានីភ្នំពេញផងដែរ»។
ឆ្លៀតក្នុងឱកាសនោះដែរ លោក ឃួង ស្រេង ក៏បានថ្លែងអំណរគុណ ចំពោះការខិតខំប្រឹងប្រែងរបស់កងកំលាំង ប្រដាប់អាវុធគ្រប់ប្រភេទ មន្ត្រីរាជការ អង្គភាព មន្ទីរ ស្ថាប័ន អាជ្ញាធរដែនដី ពិសេសគឺមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញដែលបានរួមចំណែកធ្វើអោយកិច្ចប្រជុំកំពូលអាស៊ានឆ្នាំនេះ ប្រព្រឹត្តទៅយ៉ាងរលូន និងជោគជ័យយ៉ាងត្រចេះត្រចង់ ជូនជាតិមាតុភូមិ។
លោកអភិបាលបន្តទៀតថា រាជធានីភ្នំពេញ នៅមានភារកិច្ចសំខាន់ ត្រូវធ្វើបន្តទៀតនាពេលដ៏ខ្លីខាងមុខ គឺធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអភិបាលក្រុងអាស៊ានបន្តទៀត។ ពាក់ពន្ធ័នឹងការងាររដ្ឋបាលមួយចំនួន លោកបានស្នើសុំឲ្យមានការតំរង់ទិស តាមមន្ទីរពាក់ពន្ធ័ ក៏ដូចអាជ្ញាធរដែនដី គឺត្រូវពិនិត្យខ្លឹមសារឲ្យបានច្បាស់លាស់ មុននឹងបញ្ចេញរបាយការណ៍មកក្រៅ៕