សម្ដេច ហ៊ុន សែន ប្រាប់ពលរដ្ឋថា សម្តេចតេស្តឃើញវិជ្ជមានកូវីដ-១៩ គ្រោងមកកម្ពុជាវិញល្ងាចនេះ

នៅព្រឹកថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២២ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់នៅលើផេកផ្លូវការឱ្យបានដឹងថា សម្ដេចបានតេស្តឃើញវិជ្ជមានកូវីដ-១៩ ដោយសម្ដេចបានឱ្យដឹងថា មុនចេញពីកម្ពុជា សម្ដេចបានធ្វើតេស្តរាល់ថ្ងៃ ពិសេសគឺមុនពេលចេញដំណើរទៅប្រទេសឥណ្ឌូនេស៊ី គឺបានធ្វើតេស្តរហ័សមុនឡើងយន្តហោះ តែពុំមានឃើញអ្វីនោះឡើយ។

សម្ដេចបានបន្តបែបនេះថា ៖ «ខ្ញុំមិនច្បាស់ថាមេរោគនេះ មកនៅជាមួយខ្លួនខ្ញុំចាប់ពីពេលណាមកនោះឡើយ តែអ្វីដែលច្បាស់ពេលមកដល់ពេទ្យឥណ្ឌូនេស៊ីយកសំណាកពេលល្ងាច លុះព្រឹកឡើងបញ្ជាក់ថាវិជ្ជមានកូវីដ-១៩ ដែលយើងត្រូវតែទទួលស្គាល់បើទោះជាក្នុងខ្លួនយើងមិនមានអាការចម្លែកក៏ដោយ។ ជាសំណាងមួយដែលយប់មិញដោយសារមកដល់យឺត ខ្ញុំមិនបានទៅចូលរួមបាយល្ងាចជាមួយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលមួយចំនួនដែលរៀបចំដោយប្រធានាធិបតីបារាំង។

ដើម្បីសុវត្តិភាពសម្រាប់ប្រតិភូដែលចូលរួមប្រជុំខ្ញុំសម្រេចឱ្យប្រតិភូកម្ពុជាវិលត្រឡប់ទៅកម្ពុជាវិញទាំងអស់ ឯតំណាងប្រទេសអាស៊ានយើង កំពុងចរចាប្រគល់ជូនឥណ្ឌូនេស៊ីជាតំណាងតែម្តង»

សម្ដេចបន្តទៀតថា អ្វីដែលអាក់ខានគឺជំនួបបានគ្រោងទុក ជាមួយប្រធានាធិបតីចិន និង ប្រធានាធិបតីបារាំង ដែលគ្រោងជួបគ្នានៅបាងកកប្រទេសថៃ នាពេលប្រជុំ APEC ខណៈដែលសម្ដេចគ្រោងត្រឡប់មកដល់កម្ពុជាវិញនៅល្ងាចថ្ងៃនេះ ជាមួយអាការធម្មតាដែលលោកនឹងបន្តធ្វើការធម្មតាលើកលែងតែការទទួលភ្ញៀវ៕