យុវជនវ័យក្មេងជាជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួកចំនួន២នាក់ ឃាត់ខ្លួនយកទៅសាកសួរ បន្ទាប់ពីយុវជនសង្ស័យរូបនោះ ធ្វើសកម្មភាពឆក់ទូរស័ព្ទ
ភ្នំពេញ ៖ កាលពីយប់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា យុវជនវ័យក្មេងជាជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួកចំនួន២នាក់ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌបឹងកេងកង ឃាត់ខ្លួនយកទៅសាកសួរ បន្ទាប់ពីយុវជនសង្ស័យរូបនោះ បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារីម្នាក់មិនបានសំរេច នៅចំណុចជិតវិទ្យាស្ថានវ៉ាន់ដា ផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ។
យុវជនសង្ស័យវ័យក្មេងនេះ មានឈ្មោះ វ៉ាន់ នីសា អាយុ១៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ជាអ្នកអង្គុយខាងក្រោយ និងអ្នកធ្វើសកម្មភាព ចំណែកឯម្នាក់ទៀតមិនបានអោយស្គាល់អត្តសញ្ញាណ រត់គេចខ្លួនបាត់។
មុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូម៉ាកសង់កូរ៉េមួយ ត្រឡប់មកពីយកបាយឆាអោយភ្ញៀវវិញ ដោយជិះធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ជិតកន្លែងលក់វិញ ក៏ស្រាប់តែមានបុរសជនសង្ស័យ២នាក់ បានជិះម៉ូតូម៉ាកហុងដាឌ្រីម មិនចាំស្លាកលេខមួយគ្រឿង មកដល់ធ្វើសកម្មភាពឆក់យកទូរស័ព្ទ iPhone 12promix ពីគាត់មិនបានសំរេច ក៏ស្រាប់តែជនសង្ស័យទាំង២នាក់នោះដួលម៉ូតូ ហើយក៏ត្រូវបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសន្តិសុខដែលយាមនៅទីនោះ បាននាំគ្នាឃាត់ខ្លួនជនសង្ស័យបានម្នាក់ជាអ្នកធ្វើសកម្មភាព ចំណែកម្នាក់ទៀត បានលើកម៉ូតូជិះរត់គេចខ្លួនបាត់ស្រមោលតែម្តង។
ហេតុការណ៍នេះ ជនសង្ស័យវ័យក្មេងរូបនោះ ត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នាស្វាគមន៍ម្នាក់មួយដៃមួយជើង ទើបប្រគល់អោយកម្លាំងកងរាជអាវុធហត្ថខណ្ឌបឹងកេងកង ឃាត់ខ្លួនយកទៅសាកសួរនៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌបឹងកេងកងផងដែរ ។ ចំពោះការសាកសួរ ជនសង្ស័យបានសារភាពថា «រូបគេពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទរបស់ជនរងគ្រោះពិតប្រាកដមែន តែមិនបានសំរេចនោះទេ»។ ជនរងគ្រោះមិនបានដាក់ពាក្យបណ្ដឹងនោះទេ គឺប្រគល់ឱ្យកម្លាំងកងរាជអាវុធហត្ថចាត់ការតាមជំនាញផងដែរ៕