ឃាត់ខ្លួនជនសង្ស័យ ម្នាក់ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត នៅបន្ទាយមានជ័យ
បន្ទាយមានជ័យ៖ កាលពីថ្ងៃទី៣ខែវិច្ឆិកាឆ្នាំ២០២២ ចាប់និងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ម្នាក់ ជាកូនជាងរបស់ម្ចាស់ម៉ូតូទៅសាលាដំបូង។
បើយោងតាមជនរងគ្រោះឈ្មោះឧត្តម ធីតា ភេទស្រី អាយុ២៦ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា កាលពីថ្ងៃ ទី០៨ ខែតុលា វេលារសៀលឈ្មោះ ហ៊ុ សីហា ភេទប្រុស អាយុ ៣១ឆ្នាំដែលត្រូវជាកូនជាងរបស់ប្ដីរបស់ខ្លួនបានខ្ចីម៉ូតូរបស់ខ្លួនម៉ាកហុងដាឃ្លីច ពណ៌ស ផលិតឆ្នាំ២០១៧ ជិះទៅទិញចំណី ។តែក្រោយមកពុំឃើញឈ្មោះនេះយកម៉ូតូមកឱ្យខ្លួនវិញទេ ។ចាំបាត់ៗជិតមួយខែ ទើបខ្លួនបានទៅដាក់ពាក្យបណ្ដឹងនៅ អធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត។ខ្លួនបានស្វែង រកជន សង្ស័យរហូតដល់ថ្ងៃទី៣១ ខែតុលា វេលា ម៉ោង១៩:៣0ទើប បានឃើញជនសង្ស័យនៅខេត្តព្រះវិហារ ពេលនោះខ្លួនបានទៅ ប្តឹងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះវិហារដើម្បីឃាត់ខ្លួនមកសួរនាំ ។
ក្រោយពីកម្លាំងជំនាញសួរនាំរួចទើបដឹងថា ម៉ូតូដែលខ្ចីពីជនរងគ្រោះនោះ មិនមែនគ្រាន់តែទៅទិញ ចំណីជិតៗនោះទេ ប៉ុន្តែជនសង្ស័យយកវាទៅលេង ផ្ទះម្ដាយ មីងនៅខេត្តត្បូងឃ្មុំ ឯណោះ។ហើយផ្ញើនៅទីនោះតែម្ដង ហេតុនេះ ទើបសមត្ថកិច្ច អាវុធហត្ថខេត្ត បន្ទាយមានជ័យ បន្តពន្លាតដែនសមត្ថកិច្ចសហការជាមួយ អាវុធ ហត្ថខេត្តត្បូងឃ្មុំដើម្បីយកម៉ូតូជាវត្ថុតាងមកចាត់ការតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យបានបន្តទៀតថាដោយផ្អែក លើពាក្យ បណ្ដឹងរបស់ជនរងគ្រោះនិងចម្លើយសារភាពរបស់ជនសង្ស័យ ព្រមទាំងមានវត្ថុតាង ។ ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២។ ចំណែកម៉ូតូត្រូវបានប្រគល់ឱ្យម្ចាស់ដើមវិញ ៕