មកដឹងពីមូលហេតុនៃការងាប់របស់ត្រីអារ៉ាប៉ៃម៉ានៅកសិន្ទុអង្គរ ពេលនេះវាត្រូវបានគេយកទៅបញ្ចុះហើយ

អាជ្ញាធរជាតិអប្សរា នោថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ ២០២២ នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ឱ្យបានដឹងថា នៅរសៀលថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០២២ វេលាម៉ោង ១៣ និង ៤០ នាទី ក្រុមការងារសម្អាតបរិស្ថាន អនាម័យនៃអាជ្ញាធរជាតិអប្សរា បានប្រទះឃើញត្រីអារ៉ាប៉ៃម៉ា (Arapalma) ប្រវែង២,១៥ ម៉ែត្រ ទទឹង០.៤០ ម៉ែត្រ ដែលជាប្រភេទត្រីទឹកសាប មានប្រភពមកពីតំបន់អាម៉ាហ្សូននៅអាមេរិចខាងត្បូង បានងាប់នៅក្នុងកសិន្ទុប្រាសាទអង្គរវត្ត។

ក្រុមការងារបានស្រង់យកត្រីនោះមកលើច្រាំង ជូនអ្នកជំនាញខាងជលផលពិនិត្យ និង បានកប់នៅផ្នែកខាងជើងនៃកសិន្ទុប្រាសាទអង្គរវត្ត តាមសេចក្តីសន្និដ្ឋានរបស់អ្នកជំនាញផ្នែកជលផល បានឱ្យដឹងថា ត្រីនេះបានងាប់ដោយធម្មជាតិ ព្រោះពុំមានស្លាកស្នាមរឹតរួតនៃមង ឬ ប្រការអ្វីផ្សេងឡើយ។

ខាងអាជ្ញាធរបានឱ្យដឹងទៀតថា ត្រីងាប់នេះជាប្រភេទត្រីដែលស៊ីត្រីតូចជាងខ្លួនជាអាហារ ហើយត្រូវបានមហាជនលួចយកមកលែងក្នុងកសិន្ទុប្រាសាទអង្គរវត្ត។ ពាក់ព័ន្ធនឹងករណីនេះ នាពេល កន្លងមក អាជ្ញាធរជាតិអប្សរាធ្លាប់បានចេញសេចក្ដីប្រកាសណែនាំ ហាមឃាត់ការលែងត្រីក្នុងកសិន្ទុ ដែលពុំមែនជាប្រភេទត្រីក្នុងស្រុក ពីព្រោះសកម្មភាពនេះអាចនាំឱ្យមានការបាត់បង់ពូជត្រីធម្មជាតិក្នុងស្រុកផងដែរ៕

សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖