ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ចាប់ផ្តើមគិតលុយហើយ តោះមកដឹងពីតម្លៃ
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅព្រឹកនេះថា ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ចាប់ផ្តេីមគិតកម្រៃពី វេលាម៉ោង០៧:០០ព្រឹក ថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០២២នេះតទៅហើយ។
ក្រសួងបញ្ជាក់ថា ការបង់ប្រាក់នឹងត្រូវធ្វេីឡេីង តាមចម្ងាយជាក់ស្តែង។ ឧទាហរណ៍ ចម្ងាយ ១៨៧.០៥km ភ្នំពេញ-ក្រុងព្រះសីហនុ បង់ ១២$ (បានចុះតម្លៃមកត្រឹម ៨០%រួច) សម្រាប់យានយន្តដែលត្រូវបង់កម្រៃ Type “A”ខាងក្រោម៖
១. រថយន្តប្រភេទគ្រួសារ ៧កៅអី ចុះក្រោម
២. រថយន្តផ្ទុកទំនិញ ក្រោម ២តោន
៣. ទោចក្រយានយន្តកម្លាំងចាប់ពី ៥០០cc ឬ ២៧kW ឡេីង មានបិទ លតាបត្រ (ស្ទីគ័រ) សម្គាល់អនុញ្ញាតដោយក្រសួង។
តារាងកម្រៃលម្អិតត្រូវគិតតាមចម្ងាយ និងប្រភេទយានយន្ត ជាក់ស្តែង ដូចមានក្នុងតារាងជូនភ្ជាប់។ តារាងកម្រៃ ក៏មានបិទនៅតាមផ្ទាំងព័ត៌មាន ច្រកចេញចូលផ្លូវល្បឿនលឿនផងដែរ។ រាល់យានយន្តចូលប្រេីប្រាស់ផ្លូវល្បឿនលឿន ត្រូវមាន៖ – ផ្លាកលេខសម្គាល់យានយន្ត – ត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) មានសុពលភាព – កាតព្វកិច្ចផ្សេងៗតាមច្បាប់ដែលបានកំណត់៕