ជនរងគ្រោះម្នាក់រួចផុតពីកន្លែងកកស្ទះមនុស្សនៅ Itaewon ប្រាប់ពីអ្វីដែលខ្លួនជួប ពេលកើតហេតុការណ៍
កាលពីយប់ថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២២ កន្លងទៅនេះ មានហេតុកាណ៍ដ៏គួរតក់ស្លុតមួយ បានកើតឡើងតំបន់កម្សាន្ត Itaewon របស់កូរ៉េខាងត្បូង ដែលមានមនុស្សម្នាជាច្រើននាក់បានប្រជ្រៀតគ្នាណែនតាន់តាប់ រហូតបណ្តាលឱ្យមានការកកស្ទះមនុស្សជាប់គ្នា ធ្វើឱ្យបាត់បង់ជីវិតរហូតដល់ ១៥៤ នាក់ និង របួស ៨៣ នាក់ឯណោះ។
ក្នុងនោះ មានស្រ្តីជនជាតិចិនម្នាក់បានទម្លាយរឿងរ៉ាវរបស់ខ្លួន ដែលបានឆ្លងកាត់នៅក្នុងហេតុការណ៍នេះ ដោយព្រមជាមួយនឹងរូបភាពរបួសជើងរបស់ខ្លួនពោរពេញទៅដោយស្នាមជាំ មើលទៅគួរឱ្យអាណិតមែនទែន។
នាងបានឱ្យដឹងថា នាងបានស្ថិតក្នុងបរិវេណកន្លែងដែលកើតហេតុខ្លាំងបំផុត វាគួរឱ្យតក់ស្លុតហួសនឹងនិយាយ គឺដូចជាមានដុំថ្មមួយដុំធំរលំផ្ទប់មកលើនាងដូច្នោះឯង។ អ្នកដែលរលំដួលទៅខាងមុខ គឺគ្មានឱកាសរស់នោះទេ ជាពិសេសគឺអ្នកទាបៗ តែនាងជាមនុស្សខ្ពស់ ទើបអាចដកដង្ហើមបានខ្លះ លើសពីនេះនាងឃើញអ្នកក្បែរខ្លួនស្លាប់នៅនឹងមុខតែម្តង ហើយក៏មានអ្នកផ្សេងទៀតក្អួតដាក់នាងទៀតផង។
បើទោះបីជានាងរួចជីវិតមកមែន តែសុខភាពផ្លូវចិត្ត និង ផ្លូវកាយរបស់នាង គឺពិតជាមិនល្អនោះទេ នាងត្រូវទៅជួបពេទ្យចិត្តសាស្ត្រភ្លាមៗ ខ្លួននាងក៏នៅញ័រភ័យនៅឡើយ រូបភាពរបស់អ្នកស្លាប់នៅជុំវិញខ្លួននាងនៅតាមលងបន្លាចនាងគ្រប់ពេល ហើយពេលនេះនាងដេកនៅពេទ្យតែម្នាក់ឯង តែបានទាក់ទងទៅឱពុកម្តាយរួចហើយ ចំណែកមិត្តភក្តិរបស់នាងវិញ គឺកំពុងតែសម្រាកនៅបន្ទប់សង្រ្គោះបន្ទាន់ឯណោះ។
នាងពិតជាស្តាយក្រោយណាស់ ហេតុអ្វីបានជាខ្លួននឹកឃើញចង់ទៅលេងទីនោះទៅវិញ មកទល់ពេលនេះនាងនៅតែមានអារម្មណ៍ដឹងដល់ការប៊ិះនឹងស្លាប់ ការដង្ហើមមិនចេញនៅឡើយទេ។
សេចក្តីស្លាប់វាកើតឡើងបានងាយៗណាស់នៅពេលនោះ អ្វីដែលនាងចង់បានគឺការមានជីវិតរស់មកវិញតែប៉ុណ្ណោះ ហើយដោយសារតែការស៊ូទ្រាំ នាងក៏អាចរួចជីវិតមកពិតមែន។ ចុងក្រោយ នាងក៏បានឱ្យដឹងថា ខ្លួនមានសុវត្ថិភាពហើយនាងអរគុណទៅដល់អ្នកដែលបារម្ភពីនាងផងដែរ ហើយចំណែកមិត្តរបស់នាងក៏ដូចគ្នា គឺរួចផុតជីវិតហើយ៕