ខំញាត់កូនជ្រូកសន្សំទុកដើរលេងក្រៅប្រទេស តែពេលបោកមកបានត្រឹមក្តុកក្តួលចិត្ត ព្រោះលុយខ្ទេចអស់មើលមិនយល់

ប្រាក់រៀលខ្មែរជាច្រើនសន្លឹកបានធ្លុះធ្លាយរហែក ខ្លះសល់ត្រឹមកម្ទេច ដោយសារតែការសន្សំនៅក្នុងកូនជ្រូក ធ្វើឱ្យបណ្ដាមហាជនអ្នកលេងបណ្ដាញសង្គមឃើញហើយបានត្រឹមសោកស្ដាយជំនួស និងទទួលយកទុកជាមេរៀន។

ទាក់ទិនទៅនឹងរឿងនេះ តាមរយៈម្ចាស់លុយដែលមានគណនីហ្វេសប៊ុកឈ្មោះ Lam Bunleu បានបោកកូនជ្រូកសន្សំប្រាក់របស់ខ្លួននៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២២ ថ្មីៗនេះ ដោយរំពឹងថា ប្រាក់ដែលបានទទួលពីការសន្សំកូនជ្រូកនេះ នឹងយកទៅដើរលេងក្រៅប្រទេសម្តង។

ជារឿងដ៏គួរឱ្យសោកស្ដាយ ក្រោយពីការបោកកូនជ្រូក ប្រាក់ដែលបានសន្សំមានសភាពធ្លុះធ្លាយ ខ្លះទៀតសល់ត្រឹមកម្ទេច ធ្វើឱ្យម្ចាស់ប្រាក់សន្សំហាក់ស្រងាកចិត្តផង ហួសចិត្តផង ខណៈនេះជាមួយរៀនមួយសម្រាប់អ្នកដែលចង់សន្សំប្រាក់ក្នុងកូនជ្រូក គប្បីឧស្សាហ៍ត្រួតពិនិត្យមើល ចៀសវាងសន្សំក្នុងរយៈពេលយូរពេក និង ត្រូវរក្សាទុកកន្លែងដែលមានសីតុណ្ហភាពសមល្មមព្រមទាំងមានសុវត្ថិភាព៕