រាជរដ្ឋាភិបាល បន្តអនុវត្តវិធានការរយៈពេល៣ខែបន្ថែមទៀត សម្រាប់បន្តគ្រប់គ្រងផលប៉ៈពាល់ និងគាំទ្រការងើបទ្បើងវិញវិស័យទេសចរណ៍នៅកម្ពុជា
ភ្នំពេញ៖ រាជរដ្ឋាភិបាលបន្តអនុវត្តវិធានការរយៈពេល០៣ខែបន្ថែមទៀត សម្រាប់បន្តគ្រប់គ្រងផលប៉ៈពាល់ និងគាំទ្រការងើបទ្បើងវិញនៃវិស័យទេសចរណ៍នៅព្រះរាជាណាចក្រកម្ពុជា។
តាមរយៈសេចក្តីជូនដំណឹងរបស់រាជរដ្ឋាភិបាលលេខ ០៣ ប្រកព ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ រាជរដ្ឋាភិបាលដាក់ចេញនូវវិធានការបន្ថែមជូនវិស័យទេសចរណ៍ ដូចខាងក្រោម៖
១.បន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ លើកលែងតែអាករលើតម្លៃបន្ថែមចំពោះសណ្ឋាគារ ផ្ទះសំណាក់ និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្មនៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ សម្រាប់រយៈពេល០៣ខែបន្ថែមទៀតគឺពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២២។ អាជីវកម្មទាំងនេះនៅតែមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធអាករ និងប្រើប្រាស់ប្រព័ន្ធអនទ្បាញសម្រាប់ការគ្រប់គ្រងអាករលើតម្លៃបន្ថែម (E-VAT) ជារៀងរាល់ខែ ក្នុងអំទ្បុងពេលនេះ។
២. លើកលែងពន្ធលើប្រាក់ចំណូលសម្រាប់ឆ្នាំ២០២២ ចំពោះសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្មនៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ។ អាជីវកម្មទាំងនេះនៅតែមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ២០២២ យ៉ាងយឺតបំផុតឱ្យបានមុនដំណាច់ខែមីនា ឆ្នាំ២០២៣។
៣. បន្តជំរុញអាជីវកម្មក្នុងវិស័យទេសចរណ៍ រៀបចំកម្មវិធីអភិវឌ្ឍន៍ជំនាញដល់បុគ្គលិករបស់ខ្លួនដោយខ្លួនឯង និងមានលទ្ធភាពស្នើសុំការគាំទ្រហិរញ្ញប្បទានពីសំណាក់គម្រោងមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) តាមការចាំបាច់៕