ផ្ទុះការចាប់អារម្មណ៍! អ្នកលក់លៀសហាល លេងម៉ូដសក់ប្លែកមានតែមួយគ្មានពីរ លក់បណ្ដើរ ច្រៀងបណ្ដើរឡើងអ៊េម
នាពេលថ្មីៗនេះ មហាជនអ្នកលេងបណ្ដាញហ្វេសប៊ុក ក៏ដូចជា TikTok បាននាំគ្នាផ្ទុះការចាប់អារម្មណ៍ និង ចែករំលែកគ្នាព្រោងព្រាត នូវសកម្មភាពបុរសលក់លៀសហាលមួយរូប តែងខ្លួនសង្ហា ជាមួយម៉ូតសក់ប្លែកៗ បះឡើងលើទាំងអស់ រុញរទេះលាសហាលដើរលក់ផង ច្រៀងផង ប្រកបដោយភាពច្នៃប្រឌិត ទទួលបានការស្ញើចសរសើរ និងចូលចិត្តពីសំណាក់មហាជន។
អ្នកលក់លៀសហាលខាងលើ ត្រូវបានគេស្គាល់ឈ្មោះថា ចំរើន ជាអ្នកមកពីខេត្តកណ្ដាល ដែលថ្មីៗនេះ មហាជននិយមឃើញលោក រុញរទេះលក់លៀសផង ច្រៀងចម្រៀងបញ្ចេញទឹកដមផង នៅម្ដុំទួលទំពូង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ តាមរយៈភាពច្នៃប្រឌិតនៃការធ្វើអាជីវកម្មបែបនេះ បានធ្វើឱ្យមហាជនទទួលស្គាល់ថាជាចំណីអារម្មណ៍មួយប្លែក ដែលកន្លងមកធ្លាប់តែឃើញមានអ្នកលក់ម៉ាំ និងអ្នកលក់ស្ករទាញជាដើម ដែលតែងខ្លួនប្លែកៗដើរលក់បែបនេះ។
យ៉ាងណាមិញ ទន្ទឹមទៅនឹងទេពកោសល្យ របស់ ចំរើន ដែលជាអ្នកលក់លៀសហាលនេះទៀតសោត តាមរយៈគណនីតារាចម្រៀងប្រុសនៅកម្ពុជា លោក ខេម កាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២២ ម្សិលមិញនេះ ក៏បានបង្ហាញអារម្មណ៍ស្ញើចសរសើរចំរើន ដោយសរសេរបញ្ជាក់បែបនេះថា ៖ «បងមកអាមេរិក មិនទាន់បានប៉ុន្មានថ្ងៃផង ប្អូនចង់ដណ្ដើមអាជីពបងហើយ សង្ឃឹមពេលបងត្រឡប់ទៅវិញ ប្អូនប្រគល់អាជីពនេះជូនបងវិញ សំខាន់សក់របស់ប្អូនពិតជាពិបាករកណាស់ម៉ូតបែបនេះ អរគុណសម្រាប់ការស្រលាញ់គាំទ្រ»។ សម្រាប់ប្រិយមិត្តអ្នកអានវិញ យល់យ៉ាងណាដែរ?