ជិះឡានក្រុងពេលយប់ កំពុងដេកលក់សុខៗ ស្រាប់តែផ្ទុះកង់ឆេះឡាន ផ្អើលរត់ចុះសឹងមិនទាន់
នៅថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២២ នេះ មានហេតុការណ៍គួរឱ្យរន្ធត់មួយ បានកើតឡើងនៅប្រទេសថៃ ដោយមានឡានក្រុងធុនធំមួយគ្រឿង បានកើតការឆេះយ៉ាងសន្ធោសន្ធៅពន្លត់សឹងមិនទាន់ ដែលធ្វើឱ្យអ្នកដំណើរប្រមាណ ២៣ នាក់ភ័យស្លេកមុខ។
ហេតុការណ៍មួយនេះ កើតឡើងនៅលើផ្លូវមួយកន្លែង នាខេត្តសាមុទសុងក្រាម ប្រទេសថៃ។ ឡានក្រុងមួយនេះគឺជាឡានក្រុងខ្សែដំណើរពីខេត្តឧប៊ុនរ៉ាត់ថានី ទៅខេត្តភូកេត ហើយខណៈកំពុងធ្វើដំណើរនៅយប់ប្រហែលម៉ោង ៣ ព្រឹក នាថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២២ ក៏ស្រាប់តែកង់ខាងក្រោយខាងស្តាំផ្ទុះធ្លាយ ថែមទាំងមានអណ្តាតភ្លើង រហូតធ្វើចាប់ផ្តើមឆេះក្រោមឡាន ក្រោយមកក៏ឆេះឡានទាំងមូលតែម្តង។
ក្នុងនោះ អ្នកនៅក្នុងឡានទាំងអស់ មានចំនួន ២៣ នាក់ ដែលមាន ២ នាក់ជាតៃកុងឡាន និង ម្នាក់ទៀតជាព្រូឡាន ហើយក្រៅពីនោះ ២១ នាក់ទៀត គឺសុទ្ធតែជាអ្នកដំណើរ ដែលកំពុងតែដេកលង់លក់ទាំងអស់។ ខណៈកើតហេតុ តៃកុងឡានបានចុះមកមើលកង់ដែលផ្ទុះ ឃើញថាមានអណ្តាតភ្លើង ក៏ប្រញាប់ប្រកូកប្រកាសឱ្យអ្នកដំណើរចុះចេញមកពីក្នុងឡានទាំងអស់ ពោលគឺអ្នកដំណើរទាំង ២១ មានសុវត្ថិភាពគ្រប់គ្នា។
យ៉ាងណាមិញ សម្រាប់ឡានវិញ គឺខូចខាតទាំងអស់ ព្រមទាំងប្រើពេលវេលាពន្លត់រហូតដល់ ៤០ នាទីឯណោះ ទម្រាំតែស្ងប់រលត់ទាំងអស់។ ដោយឡែក អាជ្ញាធរពាក់ព័ន្ធ ក៏កំពុងតែស្វះស្វែងរកមូលហេតុពិតនៃការឆេះបន្តទៀតផងដែរ៕