តស៊ូណាស់! ខ្លួនមានរោគប្រចាំកាយ ឪពុកម្តាយមិនសូវធូរធារ ពេលមករៀនឆ្លៀតចាក់មួក ដើម្បីប្តូរនឹងសម្ភារសិក្សា

ក្មេងប្រុស វឿន សុមិច កំពុងធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនកោតសរសើរពីការខិតខំប្រឹងប្រែងតស៊ូក្នុងជីវិត ដោយរូបគេកើតមកក្នុងគ្រួសារមានជីវភាពមិនសូវធូរធារ ប៉ុន្ដែ កុមារា សុមិច តស៊ូរៀនផង ឆ្លៀតម៉ោងចេញលេងចាក់មួកលក់ដើម្បីប្ដូរសម្ភារសិក្សា។

តាមសម្ដីអ្នកគ្រូឈ្មោះ Sengthak Kheam បានឱ្យដឹងថា កុមារា វឿន សុមិច ជាសិស្សថ្នាក់ទី ៨ រៀននៅវិទ្យាល័យ រស្មីសោភ័ណ្ឌ ស្រុកស្ទោង ខេត្តកំពង់ធំ ដោយគ្រួសារកុមារារូបនេះ មានជីវភាពមិនសូវធូរធារ ទើប សុមិច ខិតខំចាក់មួកដើម្បីប្ដូរសម្ភារសិក្សា។

តាមប្រភពពីអ្នកគ្រូខាងលើបានឱ្យដឹងទៀតថា ប្អូនប្រុសមានជំងឺប្រចាំកាយផង គឺជំងឺភ្លេចភ្លាំង។ ក្នុងនោះអ្នកគ្រូបានរៀបរាប់ថា ៖ «ខ្លួនមានរោគប្រចាំកាយ ឪពុកម្តាយក៏មិនសូវធូរធារ ពេលទំនេរឆ្លៀតទៅជួយកោសស្រកាត្រីម្តាយ ពេលមករៀនឆ្លៀតពេលចេញលេងចាក់មួក ដើម្បីប្តូរនឹងសម្ភារសិក្សា បងប្អូនសូមជួយគាំទ្រមួកគាត់ផង ស្នាដៃមិនចាញ់គេទេ»

យ៉ាងណាក្រោយឃើញការតស៊ូ ការខិតខំប្រឹងប្រែងក្នុងជីវិតរបស់កុមារា វឿន សុមិច ហើយ គេឃើញមានអ្នកលេងហ្វេសប៊ុកជាច្រើន​ជួយលើកទឹកចិត្តដល់ សុមិច ព្រមទាំងកោតសរសើរចំពោះការតស៊ូរបស់ក្មេងប្រុសរូបនេះជាខ្លាំង៕