រថយន្តគ្រួសារមួយគ្រឿងបើកបញ្ច្រាសទិសលើផ្លូវល្បឿនលឿន មិនចាំយូរសមត្ថកិច្ចជិះស្ទាក់បានជោគជ័យ

តាមរយៈផេក ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នៅថ្ងៃទី ១៩ ខែតុលា​ ឆ្នាំ ២០២២ នេះ បានជូនដំណឹងពីករណីបើកបរបញ្ច្រាសទិសលើផ្លូវល្បឿនលឿន នៅវេលាម៉ោង ៥ និង ០៨ នាទីព្រឹក ក្នុងទិសដៅពីភ្នំពេញទៅព្រះសីហនុ ត្រង់គីឡូមែត្រលេខ ៩ (K09)។

ចំពោះរឿងនេះ ផ្នែកមជ្ឈមណ្ឌលកាមេរ៉ាសុវត្ថិភាពផ្លូវល្បឿនលឿន បានល្បាតឃើញមានរថយន្តគ្រួសារមួយគ្រឿង បើកបរបញ្ច្រាសទិសចរាចរណ៍ លើគន្លងវ៉ាជែង ហើយខាងក្រុមការងារផ្លូវល្បឿនលឿន ក៏បានជូនដំណឹងទៅនគរបាលចរាចរណ៍ និង រដ្ឋបាលផ្លូវ ដោយបានធ្វើការស្ទាក់ចាប់នៅស្ថានីយច្រកចេញចូលភ្នំពេញបានដោយជោគជ័យ។

ក្រោយធ្វើការស្ទាក់ចាប់ ម្ចាស់រថយន្តបានទទួលការព្រមាន និង អប់រំ ហើយបានយល់ពីផលវិបាក និង គ្រោះថ្នាក់នៃការបើកបរបញ្ច្រាសទិសនៅលើផ្លូវល្បឿនលឿន ខណៈបច្ចុប្បន្នរថយន្ត និង ម្ចាស់ត្រូវបានសមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺដោះស្រាយតាមនីតិវិធី៕