ទីបំផុត ម្ចាស់ទូកដ និង អ្នកបើកទូកដ ត្រូវព្រះរាជអាជ្ញាអនុញ្ញាតឱ្យនៅក្រៅឃុំហើយ ខណៈគ្រួសារជនរងគ្រោះ មិនប្តឹងពួកគាត់ទេ
តាមរយៈគណនី លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ប្រធាននាយកដ្ឋានវិទ្យុទាក់ទង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២២ នេះ បានបញ្ជាក់ឱ្យបានដឹងថា ជនសង្ស័យក្នុងករណីលិចទូកដរនៅស្រុកលើកដែក ត្រូវព្រះរាជអាជ្ញាអនុញ្ញាតឱ្យនៅក្រៅឃុំ។ ក្នុងនោះគ្រួសារជនរងគ្រោះ ក៏មិនប្តឹងពួកគាត់នោះទេ ព្រោះពួកគាត់យល់ថា មិនមានចេតនា ឬចង់ឃើញហេតុការណ៍ដ៏រន្ធត់នេះដែរ។
សូមរំឭកផងដែរថា កាលពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២២ កន្លងទៅ បើតាមការចេញផ្សាយរបស់ទូរទស្សន៍ BTV Cambodia បានឱ្យដឹងថា ខាងនគរបាលបានធ្វើការឃាត់ខ្លួនម្ចាស់អាជីវកម្មទូក-ដ ក្រោយពីមានសោកនាដកម្មលិចទូក-ដ បណ្ដាលឱ្យកូនសិស្សចំនួន ១១ នាក់បាត់បង់ជីវិត ខណៈអ្នកបើកទូក-ដ ដែលកំពុងសម្រាកព្យាបាល ក៏ត្រូវបានឃ្លាំមើល និងត្រូវអនុវត្តន៍នីតិវិធីតាមផ្លូវច្បាប់ដូចគ្នា។
យ៉ាងណាមមិញ ចំពោះហេតុការលិចទូកដដ៏រន្ធត់ និង គួរឱ្យសោកសៅ កាលពីយប់ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២២ កន្លងទៅ បានធ្វើឱ្យមហាជនទូទាំងប្រទេសកម្ពុជា បាននាំគ្នាសម្ដែងនូវក្ដីរំលែកទុក្ខយ៉ាងសោកសៅ ជូនដល់ក្រុមគ្រួសារជនរងគ្រោះ ដែលជួបប្រទះនូវរឿងអកុសលស្មានមិនដល់ខាងលើនេះ៕