នារីរូបស្រស់ម្នាក់ទើបចេញពីក្លឹប បើកម៉ូតូទៅបុកឃឿនចិញ្ចើមផ្លូវ ដួលបោកក្បាល នៅជិតមជ្ឈមណ្ឌលម៉ូឌែន២ ហើយបានស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យបានជាងកន្លះម៉ោង!
រាជធានីភ្នំពេញ ៖ នារីម្នាក់បានបោកក្បាលនិងថ្នល់ រងរបួសធ្ងន់ ហើយបានស្លាប់ខណៈពេលបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យកាល់ម៉ែត្របានប្រហែលកន្លះម៉ោង បន្ទាប់ពីនារីរងគ្រោះជិះម៉ូតូ Nex មួយគ្រឿង ចេញពីក្លឹប បែរជាទៅបុកឃឿនចិញ្ចើមផ្លូវ ដួលបោកក្បាល រងរបួសធ្ងន់ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១១:២០នាទីយប់ ថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ត្រង់ចំណុចទល់មុខរោងចក្រផលិតផ្លាស្ទិក ជិតមជ្ឈមណ្ឌលម៉ូឌែន២ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ២ ភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។មន្ត្រីនគរបាលផ្នែកចរាចរណ៍ខណ្ឌមានជ័យ បានអោយដឹងថា នារីរងគ្រោះ (សព) មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ។ប្រភពព័ត៌មានពីបងប្រុសម្នាក់ដែលជាអ្នកឃើញហេតុការណ៍ផ្ទាល់បានប្រាប់ឲ្យបណ្ដាញសារព័ត៌មានហង្សតូចដឹងថា នៅមុនពេលកើតហេតុ គាត់ឃើញនារីរងគ្រោះ ទើបចេញពីក្លឹបមួយនៅចាក់អង្រែ ហើយបានជិះមួយគ្រឿង ម៉ាក Suzuki Nex ពណ៍សលាយខ្មៅ ពាក់ស្លាកលេខកណ្ដាល 1T-9561 តែម្នាក់ឯង ដោយធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីត្បូងទៅជើង (ដោយមិនដឹងថាទៅផ្ទះ ឬក៏ទៅណានោះទេ) លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែជិះទៅបុកឃឿនចិញ្ចើមផ្លូវ បណ្ដាលឲ្យដួលបោកក្បាល រងរបួសធ្ងន់ ហើយត្រូវប្រជាពលរដ្ឋដែលជាអ្នកឃើញហេតុការណ៍រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន និងជួយទាក់ទងរថយន្តគ្លីនិកឯកជន មហានគរ មកដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។អ្នកនៅកន្លែងកើតហេតុបានប្រាប់ទៀតថា នៅលើខ្លួននារីរងគ្រោះឃើញមានកាបូបស្ពាយមួយ ដោយក្នុងនោះមានសំភារៈសម្រាប់ផាត់មុខ និងលុយ៥ម៉ឺនរៀល រួមទាំងចិញ្ជៀនដែលពាក់ជាប់ដៃរបស់នាងផងដែរ។បើតាមអ្នកបើកបររថយន្តសង្គ្រោះគ្លីនិក មហានគរ បានបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីទៅដល់មន្ទីរពេទ្យកាល់ម៉ែត្រ ដាក់អុកស៊ីហ្សែនបានជាងកន្លះម៉ោង ក្រុមគ្រូពេទ្យបានជួយសង្គ្រោះបន្ទាន់ផងដែរ តែអកុសលជនរងគ្រោះបានស្លាប់ហើយ ទើបក្រុមគ្រូពេទ្យបានប្រាប់មកវិញថា មិនអាចជួយសង្គ្រោះបានទេ ព្រោះស្ថានភាពរបួសបោកក្បាលចំផ្នែកខាងក្រោយ ។ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ផ្នែកចរាចរណ៍ខណ្ឌមានជ័យ ចុះមកយកម៉ូតូជនរងគ្រោះទៅរក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ។ ចំណែកសពនារីរងគ្រោះត្រូវបានយកទៅតម្កល់នៅវត្តទឹកថ្លា ដើម្បីរងចាំសមត្ថកិច្ចជំនាញធ្វើកោលស្យវិច័យ និងប្រកាសរកសាច់ញាតិក្រុមគ្រួសារ អោយមកយកទៅធ្វើបុណ្យតាមប្រពៃណី៕ (អត្ថបទរូបភាព ម៉េង)