ផ្លូវទាំង៤ខ្សែនេះ ខេត្តព្រះសីហនុ ហាម​រថយន្តដឹកជញ្ជូនធុនធ្ងន់​កម្ពស់លើសពី២,៣ម៉ែត្រ មិនឱ្យ​ធ្វើចរាចរឆ្លងកាត់ទៀតឡើយ

ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ ​បានប្រកាសហាមឃាត់រថយន្តដឹកជញ្ជូនធុនធ្ងន់គ្រប់ប្រភេទ ដែលមានកំពស់លើសពី២,៣ម៉ែត្រ ធ្វើចរាចរឆ្លងកាត់ផ្លូវលេខ ៨០១, ៨២១, ៨២៣ និងផ្លូវលេខ៨២៧។

សេចក្តីជូនដំណឹងរបស់ រដ្ឋបាលខេត្តព្រះសីហនុ បញ្ជាក់ថា ក្នុងរយៈពេលកន្លងមក ដោយសារសង្កេតឃើញថា ការធ្វើចរាចរណ៍រថយន្តដឹកដីទម្ងន់២,៥តោន រថយន្តដឹកអ្នកដំណើរ រថយន្តស្ទួច រថយន្តដឹកទំនិញ​ និងរថយន្តធុនធ្ងន់ផ្សេងៗទៀត ឆ្លងកាត់ផ្លូវលេខ ៨០១ ផ្លូវលេខ ៨២១ ផ្លូវលេខ ៨២៣ និងផ្លូវលេខ៨២៧ បានបង្កគ្រោះថ្នាក់ជាញឹកញាប់ បណ្តាលឱ្យបាត់បង់អាយុជីវិតមនុស្ស ខូចខាតទ្រព្យសម្បតិ្តប្រជាពលរដ្ឋ និងបរិក្ខាផ្លូវថ្នល់។ ដោយសារមូលហេតុថា ផ្លូវទាំង៤ខ្សែខាងលើនេះ ជាផ្លូវចំណោតខ្លាំង និងវែង មិនសមស្របឱ្យប្រភេទរថយន្តធុនធ្ងន់ធ្វើចរាចរណ៍ឆ្លងកាត់។

ដើម្បីទប់ស្កាត់ការគ្រោះថ្នាក់ចរាចរណ៍នៅទីតាំងខាងលើ រដ្ឋបាលខេត្តនឹងរៀបចំដាក់របាំងហាមឃាត់រថយន្តឆ្លងកាត់ដែលមានកម្ពស់ ២,៣ម៉ែត្រ ស្លាកសញ្ញាជូនដំណឹង និងស្លាក់សញ្ញាហាមឃាត់នានា លើផ្លូវលេខ៨០១, ៨២១, ៨២៣ និងផ្លូវលេខ៨២៧៕