មិនដឹងសុខទុក្ខយ៉ាងណា ពេលនេះឪពុកតារាសម្តែងជើងចាស់ អ៊ុំ សុវណ្ណនី ចង់ជួបមុខកូនស្រីច្បង ព្រោះសុខភាពកាន់តែទ្រុឌទ្រោម

រាជធានីភ្នំពេញ ៖ ពិតណាស់ លោកតា មិន សារិន ហៅ ម៉ែន ជាតារាសម្តែងជើងចាស់ ដែលធ្លាប់លេចវត្តមានក្នុងរឿងភាគខ្មែរល្បីៗជាច្រើនរាប់មិនអស់ ដែលបច្ចុប្បន្ននេះលោកតា បានដកឃ្លាពីការងារសិល្បៈទាំងស្រុងទៅហើយ ព្រោះតែ បញ្ហាសុខភាពកាន់តែទ្រុឌទ្រោម ហើយឆ្នាំនេះលោកតាមានព្រះជន្ម ៨៣ឆ្នាំហើយ ដូច្នេះលទ្ធភាពនៃការចងចាំសាច់រឿងរបស់តួសម្តែងលែងល្អដូចមុនទៀត។

អ្វីដែលគួរឲ្យអាណិតនោះ សព្វថ្ងៃលោកតាសម្រេចចិត្តប្រកាសលក់ផ្ទះនៅច្បារអំពៅ ជាមរតកចុងក្រោយដើម្បីព្យាបាលជំងឺ រីឯផ្ទះឈើកំពុងរស់នៅសព្វថ្ងៃនេះក៏ពុកផុយបណ្តើរៗ ក្នុងនោះលោកតាក៏មានកូនស្រីម្នាក់ផងដែរ តែគួរឲ្យស្តាយព្រោះ មានសតិមិនល្អ។

មួយវិញទៀត ដោយសារតែសុខភាពលោកតាកាន់តែវិវឌ្ឍន៍ទៅមុខពីមួយថ្ងៃទៅមួយថ្ងៃ លោកតាក៏ប្រកាសឲ្យតារាសម្តែងជើងចាស់ អ៊ុំ សុវណ្ណនី ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិក ទាក់ទងមកលោកតាផង ព្រោះលោកតាចង់ជួបមុខកូនស្រីច្បង ក្រោយខានទាក់ទងគ្នាជាង៥ឆ្នាំហើយ មិនដឹងសុខទុក្ខកូនស្រី ទៅជាយ៉ាងណាសោះ។

គួរបញ្ជាក់ផងដែរថា លោកតាម៉ែន ក៏ទទួលបានការឧបត្ថម្ភថវិកាពីសមាគមសិល្បៈជារៀងរាល់ខែ ក្រោមការចាត់ចែងរបស់លោកជំទាវ ចន ច័ន្ទលក្ខិណា និងការជ្រោមជ្រែងពីលោក អ៉ឹម ជីវ៉ា កន្លងមកកំឡុងពេលលោកតាសម្រាកព្យាបាលនៅមន្ទីរពេទ្យ ជាងនេះទៅទៀត តារាសម្តែង សាវិន ហ្វីលីព បានបង្ហើបថា ក្នុងវិស័យភាពយន្តនរណាៗក៏ដឹងច្បាស់ពីស្ថានភាពគ្រួសាររបស់ លោកតា ម៉ែន គ្រប់ៗគ្នាដែរ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖