សូមជ្រាប! ចាប់ពីស្អែកអាចមានសភាពអាប់អួរ មានភ្លៀងខ្យល់បោកបក់ និងកំសួលរលកសមុទ្រ
ក្រសួងធនធានទឹក និង ឧតុនិយម កាលពីថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០២២ ថ្មីៗនេះ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុ ឱ្យបានដឹងថា កម្ពុជាស្ថិតនៅក្នុងតំបន់ប្រសព្វរវាងទ្រនុងសម្ពាធខ្ពស់ពីចិន និង ជ្រលងសម្ពាធទាប ដែលរុញច្រានពីភាគខាងក្រោមនៃសមុទ្រចិនខាងត្បូង។ ជាមួយគ្នានោះ នៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២២ ក៏នឹងអាចកើតមានសម្ពាធទាបសកម្ម (Active Low) មួយ ដើរចូលមកលើភាគអាគ្នេយ៍នៃប្រទេសវៀតណាម ។
លក្ខណៈបែបនេះ នឹងធ្វើឱ្យកម្ពុជា ចាប់ពីថ្ងៃទី ០៩ ដល់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២២ ភ្លៀងនឹងនៅតែបន្តធ្លាក់លើផ្ទៃប្រទេស។ ក្នុងនោះនៅលើផ្ទៃសមុទ្រ ក្នុងចន្លោះពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២២ នឹងអាចមានសភាពអាប់អួរ ដោយមានភ្លៀងលាយឡំនឹងខ្យល់បក់បោក និង កំសួលរលកសមុទ្របង្គួរ។
ដោយឡែក បណ្តាខេត្តនៃតំបន់ខ្ពង់រាបភាគឦសាន និង ពាយព្យជាប់ជួរភ្នំដងរែក នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម។ សម្រាប់រាជធានីភ្នំពេញ និង បណ្ដាខេត្តដទៃទៀតនៅភាគខាងក្រោម នឹងអាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖