សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យប្រញាប់ចេញបណ្ណប្រភេទក្រីក្រីទី១ និងផ្តល់ប្រាក់ឧបត្ថម្ភអត្រាអ្នកប្រជុំជន សម្រាប់ពលរដ្ឋស្ម័គ្រចិត្តរើចេញពីរមណីយដ្ឋានអង្គរ
(ភ្នំពេញ)៖ នៅវេលាម៉ោងជិតរំលងអធ្រាត្រថ្ងៃទី០៨ ឈានចូលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចារលើរបាយការណ៍របស់លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដោយណែនាំឱ្យប្រញាប់រៀបចំផ្តល់បណ្ណក្រីក្រជូនប្រជាពលរដ្ឋទាំងអស់ ដែលបានស្ម័គ្រចិត្តរើលំនៅឋានចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរអប្សរា។
ក្នុងចំណារប៊ិកពណ៌ក្រហមបង្ហាញចរិតនៃបទបញ្ជាដែលមានភាពម៉ឺងម៉ាត់ និងត្រូវប្រញាប់ប្រញាល់នោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាល់ប្រជាពលរដ្ឋស្ម័គ្រចិត្តរើលំនៅឋាននេះ គឺត្រូវផ្តល់បណ្ណក្រីក្រប្រភេទទី១ទាំងអស់ ហើយផ្តល់ប្រាក់ឧបត្ថម្ភតាមអត្រាអ្នករស់នៅទីប្រជុំជន។
របាយការណ៍របស់លោក វង សូត បានគូសបញ្ជាក់ថា អត្រាផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់អ្នករស់នៅទីប្រជុំជននេះ ក្នុងមួយគ្រួសារទទួលបានប្រាក់ ១២ម៉ឺនរៀល, សមាជិកក្នុងគ្រួសារម្នាក់ ទទួលបាន ៤ម៉ឺនរៀល, សមាជិកជាកុមារអាយុពី ០ទៅ៥ឆ្នាំក្នុងម្នាក់ ទទួលបាន ៤ម៉ឺនរៀល, សមាជិកជាជនមានពិការភាពក្នុងម្នាក់ ទទួលបាន ៤ម៉ឺនរៀល, សមាជិកជាមនុស្សចាស់ចាប់ពីអាយុ ៦០ឆ្នាំឡើងទៅ ក្នុងម្នាក់ ទទួលបាន ៤ម៉ឺនរៀល និងគ្រួសារមានអ្នកផ្ទុកមេរោគអេដស៍ក្នុងម្នាក់ ទទួលបាន ៤ម៉ឺនរៀលផងដែរ។
ក្នុងរបាយការណ៍របស់លោក វង សូត ក៏បានជម្រាបសម្តេចតេជោ អំពីការលើកឡើងរបស់ប្រជាពលរដ្ឋមួយចំនួនលើបណ្តាញសង្គមពាក់ព័ន្ធការផ្តល់ថវិកាឧបត្ថម្ភ ៦០ម៉ឺនរៀលក្នុងមួយខែផងដែរ។ លោក វង សូត បានបញ្ជាក់ថា ការលើកឡើងនោះជាការយល់ច្រឡំរបស់ប្រជាពលរដ្ឋមួយចំនួន។ ថវិកា ៦០ម៉ឺន គឺជាថវិកាឧបត្ថម្ភកម្រិតមធ្យមធៀបនឹងចំនួនអ្នកទទួលផលសរុបទូទាំងប្រទេសប្រចាំខែ។
ក្នុងរបាយការណ៍នេះលោក វង សូត បានជម្រាបសម្តេចតេជោផងដែរ អំពីលទ្ធផលនៃការបើកប្រាក់ឧបត្ថម្ភជូនប្រជាពលរដ្ឋស្ម័គ្រចិត្តទៅរស់នៅភូមិធម្មជាតិរុនតាឯកទើបទទួលបណ្ណថ្មី រយៈពេលពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែតុលា។ របាយការណ៍ បង្ហាញថា រយៈពេល៣ថ្ងៃនេះ បើកជូនប្រជាពលរដ្ឋបានចំនួន ៣,១៥៧គ្រួសារ ចំណាយអស់ទឹកប្រាក់សរុប ៦០២,៥៤៤,០០០រៀល។ ដោយឡែកគ្រួសារកំពុងទទួលផល ហើយប្តូរបណ្ណថ្មីមានចំនួន ១,០២១បណ្ណ។
សូមបញ្ជាក់ថា ដើម្បីការពារឱ្យបាននូវតំបន់រមណីយដ្ឋានអង្គរស្ថិតក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនោះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចរៀបចំសណ្តាប់ធ្នាប់តំបន់រមណីយដ្ឋានអង្គរ និងតំបន់គ្រប់គ្រងដោយអាជ្ញាធរអប្សរា ដោយតម្រូវឱ្យប្រជាពលរដ្ឋនៅតំបន់រុះរើសំណង់ និងលំនៅឋានចាកចេញ។ រាជរដ្ឋាភិបាល បានផ្តល់សំណងជាដីទំហំប្រមាណ ២០ម៉ែត្រ គុណ ៣០ម៉ែត្រ នៅភូមិធម្មជាតិរុនតាឯកចម្ងាយជាង ២០គីឡូម៉ែត្រពីក្រុងសៀមរាប ជូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្តចាកចេញទាំងអស់នោះ។
សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាល និងផ្តល់អំណោយជូនប្រជាពលរដ្ឋស្ម័គ្រចិត្តចាកចេញទៅរស់នៅភូមិរុនតាឯកចំនួនពីរលើកមកហើយ ដោយមានប្រជាពលរដ្ឋចូលរួមជិត ៤ពាន់នាក់។
នៅក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសផ្តល់បណ្ណក្រីក្រប្រភេទទី១ ជូនប្រជាពលរដ្ឋទាំងអស់ក្នុងរយៈពេល ១០ឆ្នាំ។ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសផ្តល់បណ្ណសមធម៌សម្រាប់ស្រ្តីមានផ្ទៃពោះ ដើម្បីទទួលបានការឧបត្ថម្ភពីរាជរដ្ឋាភិបាលផងដែរ។
ក្រៅពីនោះសម្តេចតេជោ បានចេញបទបញ្ជាឱ្យឈូសឆាយ ពង្រាប ឬចាក់ដីសម្រាប់ពលរដ្ឋធ្វើលំនៅឋាន និងចាត់ចែងឱ្យរៀបចំហេដ្ឋារចនាសម្ព័ន្ធនានាគាំទ្រដល់ការរស់នៅរបស់ប្រជាពលរដ្ឋ រួមមានការសាងសង់ផ្លូវ ធ្វើសាលារៀន មន្ទីរពេទ្យ ផ្សារ ទីអារាម តបណ្តាញអគ្គិសនី តបណ្តាញទឹកស្អាត និងបណ្តាញអ៉ីនធើណេតជាដើម៕