ជនសង្ស័យវ័យក្មេងចំនួន៥នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីលួចទូរសព្ទ

(ខេត្តបាត់ដំបង) ៖ជនសង្ស័យវ័យក្មេងចំនួន៥នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីលួចទូរសព្ទនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ ត្រង់ចំណុចភូមិល្វា ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង ។

យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ណាក់ ប៊ុនរីន ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិល្វា ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង កាលពីថ្ងៃទី០២​ ខែតុលា ឆ្នាំ២០២២ មានក្រុមជនសង័្សយមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពគាស់ដំបូលចូលលួចយកទូរសព្ទពីក្នុងហាង។

លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេលបានបញ្ជាក់ឱ្យដឹងថា ក្រោយទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះកម្លាំងជំនាញបានបើកការស្រាវជ្រាវ រហូតទៅដល់ការឃាត់ខ្លួនជនសង្ស័យ៥នាក់ ដែលមានអាយុក្រោម១៨ឆ្នាំ។សមត្ថកិច្ច​ដកហូតបានវត្ថុតាងជាច្រើនរួមមាន ទូរសព្ទដៃចំនួន១៨គ្រឿង ក្នុងនោះ(VIVO ចំនួន០១គ្រឿង -OPPOចំនួន០៤គ្រឿង – IPHONE ចំនួន០២គ្រឿង – REALME ចំនួន០១គ្រឿង – CAMFONE ចំនួន០១គ្រឿង – កាតទូរសព្ទចំនួន៤០សន្លឹក – ស៊ីមកាតចំនួន២៦ សន្លឹក – ស្រោមទូរសព្ទចំនួន១៨ – កាសទូរសព្ទចំនួន០៣ និងកង់ចំនួន០៣គ្រឿង មធ្យោបាយជិះធ្វើសកម្មភាពគាស់ហាងទូរ សព្ទ។

គួរបញ្ជាក់ផងដែរថា​ ជនសង្ស័យចំនួន០២ នាក់ដែលមានអាយុ ១៤ឆ្នាំនិង១៥ឆ្នាំ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកបវេល ដើម្បីកសាងសំណុំរឿងបញ្ជូនមក ការិយាល័យជំនាញខេត្តអនុវត្តបន្តតាមនីតិវិធី ចំណែក០៣នាក់ទៀតដែលមានអាយុតិចជាងនេះបានអប់រំ និងធ្វើកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពហើយប្រគល់ជូនអាណាព្យាបាលយកទៅអប់រំបន្តនៅមូលដ្ឋាន ដោយឡែកវត្ថុតាងផ្សេងៗបានប្រគល់ជូនជនរងគ្រោះវិញផងដែរ ៕