គ្រាន់តែដាក់គោលដៅរួត​ពិនិត្យ​អាវុធ​ជាតិផ្ទុះ វាយខ្នោះយុវជន៤នាក់បន្តគ្នា បន្ទាប់ពីលាក់ទុកថ្នាំញៀន​ជាប់ខ្លួន…!


រាជធានីភ្នំពេញ​៖​ កម្លាំងសមត្ថកិច្ច​ខណ្ឌទួលគោកដាក់គោលដៅ​ត្រួត​ពិនិត្យ​អាវុធ​ជាតិផ្ទុះ និងពង្រឹង​ច្បាប់ចរាចរណ៍ បានធ្វើការឃាត់ខ្លួនជនសង្ស័យ​៤នាក់ និង​ថ្នាំ​ញៀន​ពីរកញ្ចប់​តូច កាលពីវេលា​ម៉ោង​១០និង០០នាទី​យប់​ ថ្ងៃ​ទី​២៨​ ខែ​វិច្ឆិកា​​ ឆ្នាំ២០១៨​ត្រង់ចំណុច​ខាងមុខ​វិទ្យា​ល័យ​ជា​ស៉ីម​សាមគ្គី​តាមបណ្ដោយ​ផ្លូវ​២៧១​ ស្ថិតក្នុងសង្កាត់​បឹងសាឡាង​​ ខណ្ឌ​ទួលគោក​។

តាមប្រភពព័ត៌មាន​ពីកន្លែងកើតហេតុបាន​អោយ​ដឹង​ថា​នៅ​មុន​ពេល​កើត​ហេតុ​កម្លាំង​ពួកគាត់​បាន​ដាក់​គោលដៅ​ត្រួត​ពិនិត្យ​អាវុធ​ជាតិផ្ទុះ​និងពង្រឹង​ច្បាប់​ចរាចរណ៍​នៅ​ត្រង់​ចំណុច​កើតហេតុ​ខាងលើ​ដើម្បកាត់​បន្ថយ​និងទប់​ស្កាត់បទ​ល្មើស​ដែល​កើត​ឡើង​ ដោយ​ប្រការ​ណា​មួយ។

ជា​លទ្ធផល​កម្លាំង​ពួកគាត់​បានធ្វើការឃាត់ខ្លួនជនសង្ស័យ​ចំនួន៤នាក់​រួមទាំងដកហូតបានថ្នាំញៀនប្រភេទក្រាមសថ្លាពីរកញ្ចប់​តូច​ផ្សេងគ្នា។

ដោយ​ជនសង្ស័យ​ទី​មួយ​មាន​ឈ្មោះ​ សុខ​ ឃឿន​ ភេទប្រុស​ អាយុ​២៨ឆ្នាំ​ ជាចុងភៅនៅហាងមួយកន្លែង​ ស្នាក់នៅកន្លែងធ្វើការ​ ក្នុងសង្កាត់ទួលស្វាយ​ព្រៃ​ទី​២​ ខណ្ឌ​ចំការ​មន​។ និងទី២ មានឈ្មោះ​ បាន​ សុភក្រ័​ ភេទ​ប្រុស​ អាយុ​១៨ឆ្នាំ​ ជាអ្នករត់​តុ​ ស្នាក់នៅជាមួយគ្នា។​ហើយបានធ្វើការដកហូតម៉ូតូមួយគ្រឿងម៉ាក​ ZOOMER-X ពណ៌​ខៀវ​ ពាក់ស្លាកលេខ​ភ្នំពេញ​ 1FM-1111 រួមទាំងថ្នាំញៀន​ប្រភេទ​ក្រាម​ស​ថ្លា​មួយ​កញ្ចប់​តូច​។

ដោយឡែក​ជន​សង្ស័យ​២នាក់ផ្សេងទៀត​ ​ទី​១មានឈ្មោះ​ ជា​ មែងលីន​ ភេទ​ប្រុស​ អាយុ​១៨ឆ្នាំ​ ជា​កម្មករ​សំណង់​ ស្នាក់នៅ​ក្នុង​ការដ្ឋាន​សំណង់​នៅ​ក្នុង​សង្កាត់​បឹងកក់​ទី​២​ ខណ្ឌ​ទួលគោក​។ និងទី២​មានឈ្មោះ​ តឺន​ រួន​ ភេទ​ប្រុស​ អាយុ​៣៥ឆ្នាំ​ ជា​កម្មករ​សំណង់​ ស្នាក់នៅ​ជាមួយ​គ្នា។ ដកហូត​បាន​ថ្នាំញៀន​ប្រភេទ​ក្រាម​ស​ថ្លា​មួយ​កញ្ចប់​តូច។

បច្ចុប្បន្ន​​ជនសង្ស័យ​ទាំង​៤នាក់ រួម​ទាំង​វត្ថុ​តាង ​ត្រូវបាន​សមត្ថកិច្ច​នាំ​ខ្លួន​យក​ទៅ​សាក​សួរ​នាំ​ និងកសាង​សំណុំរឿង​ នៅ​ឯអធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ទួលគោក​ ដើម្បីរង់ចាំ​ធ្វើ​ការ​ចាត់​បន្ត​តាម​នីតិវិធី​ច្បាប់​៕​