ឡោមព័ទ្ធខុនដូមួយកន្លែង សមត្ថកិច្ចសម្រេចបិទបន្ទប់មួយចំនួន ដោយមិនមានឃាត់មនុស្សឡើយទេ
(ភ្នំពេញ) ៖ នៅ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ ករណីកម្លាំងសមត្ថកិច្ចចម្រុះចុះឆែកឆេរ និងត្រួតពិនិត្យខុនដូដ៏ធំមួយកន្លែង នៅក្នុងភូមិសន្សំកុសល៥ សង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ បានបញ្ចប់ហើយ ដោយលទ្ធផល សមត្ថកិច្ចសម្រេចបិទខ្ទប់បន្ទប់មួយចំនួននៃទីតាំងខុនដូ ប៉ុន្តែអ្វីជាការកត់សម្គាល់ គឺមិនមានការឃាត់ខ្លួនមនុស្សណាសូម្បីម្នាក់ឡើយ។ ចំពោះបន្ទប់ដែលបិទខ្ទប់ គឺត្រូវបានដាក់កម្លាំងយាមកាមអោយបានជាប់លាប់ រហូតបានការសម្រេចជាថ្មីពីថ្នាក់លើ ដោយក្នុងនោះដែរនៅក្នុងបន្ទប់ដែលត្រូវបិទខ្ទប់មានសម្ភារៈមួយចំនួន ដូចកុំព្យូទ័រ និងសម្ភារៈជាច្រើនទៀតដែលមិនត្រូវបានទំលាយប្រាប់ទូលំទូលាយ។ប្រភពបន្តថា ទីតាំងខុនដូខាងលើភាគច្រើន គឺសុទ្ធសឹងជាជនជាតិចិនរស់នៅ។
គួររំលឹកថា ខុនដូនេះ ត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញ ផែននគរបាលអន្តោប្រវេសន៍សហការជាមួយនគរបាលខណ្ឌមានជ័យចុះឆែកឆេរ និងត្រួតពិនិត្យតាំងពីវេលារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ មកម្ល៉េះ។ប្រតិបត្តិការណ៍នេះធ្វើឡើងពេញមួយថ្ងៃ ពោលគិតចាប់ពីវេលាប្រតិបត្តិការរហូតដល់ថ្ងៃទី២០។
សមត្ថកិច្ចបានអោយដឹងថា ករណីនេះជាប់ពាក់ព័ន្ធនឹងសង្ស័យមានការបង្ខាំងមនុស្សទុក ដែលជាជនជាតិម៉ាឡេស៊ី បន្ទាប់ពីសមត្ថកិច្ចទទួលពាក្យបណ្តឹងពីសាច់ញាតិជនរងគ្រោះ។
ក្រោយចុះដល់ទីតាំងខាងលើសមត្ថកិច្ចក៏បន្តឆែកឆេរទៅកាន់បន្ទប់ជនបរទេសផ្សេងទៀត ដោយអាចមានជាប់ពាក់ព័ន្ធនឹងល្បែង Online ផងដែរ៕