វៀតណាម ប្រកាសពីការប្រឈមបាក់ដី និង គ្រោះទឹកជំនន់ក្នុងប្រទេស វាយប្រហារដោយព្យុះចំនួន ១០ ឆាប់ៗ
នាពេលថ្មីៗនេះ ឧបនាយករដ្ឋមន្ត្រី ឡេ វ៉ាន់ថាញ់ (Le Van Thanh) ប្រធានគណៈកម្មាធិការជាតិដឹកនាំការទប់ស្កាត់ និង គ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ បានផ្ញើឯកសារទៅអាជ្ញាធរតាមខេត្ត-ក្រុង ទាក់ទងនឹងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយធម្មជាតិក្នុងប៉ុន្មានខែចុងក្រោយនៃឆ្នាំនេះ ដែលឯកសារបានបញ្ជាក់ថា គ្រោះធម្មជាតិបានកើតឡើងម្តងហើយម្តងទៀត នៅក្នុងតំបន់ជាច្រើនចាប់តាំងពីដើមឆ្នាំមក ដែលបានបង្កការខូចខាតយ៉ាងខ្លាំងដល់អាយុជីវិត ទ្រព្យសម្បត្តិ និង ផលិតកម្មរបស់អ្នកស្រុក។
មជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍ធនធានទឹក និង ឧតុនិយមបាននិយាយថា មានព្យុះរហូតដល់ទៅ ១០ និង ព្យុះត្រូពិច ត្រូវបានគេព្យាករណ៍ថា នឹងវាយប្រហារសមុទ្រវៀតណាមខាងកើតក្នុងរយៈពេលប៉ុន្មានខែទៀតនៃឆ្នាំ ២០២២ ដែលភាគច្រើននឹងកើតឡើងនៅក្នុងខែតុលា និង វិច្ឆិកា ខាងមុខនេះ។ លោកបានបញ្ជាក់បន្ថែមទៀតថា ស្ថានភាពនឹងបន្តមានភាពស្មុគស្មាញ និង មិនអាចទាយទុកជាមុនបាន ប៉ុន្តែព្យុះប្រហែល ៨ ទៅ ១០ នឹងសកម្មខ្លាំងនៅក្នុងសមុទ្រវៀតណាមខាងកើត ដែលក្នុងនោះមាន ៥ អាចប៉ះពាល់ដោយផ្ទាល់ដល់ដីគោក ហើយទឹកភ្លៀងនៅតំបន់ភាគខាងជើង កណ្តាល និង តំបន់ខ្ពង់រាបកណ្តាលនឹងខ្ពស់ជាងមធ្យមភាគនៃឆ្នាំមុនៗ ដែលបង្កឱ្យមានហានិភ័យខ្ពស់នៃទឹកជំនន់ និង ការបាក់ដី។
យ៉ាងណា ឧបនាយករដ្ឋមន្ត្រី បានស្នើឱ្យគ្រប់មូលដ្ឋានរៀបចំការត្រៀមលក្ខណៈចាំបាច់ ធ្វើបច្ចុប្បន្នភាពលើការអភិវឌ្ឍន៍អាកាសធាតុ និង ផ្តល់អាទិភាពដល់ការការពារអាយុជីវិតរបស់ប្រជាជន ដើម្បីបង្ការ និង ឆ្លើយតបឱ្យបានត្រឹមត្រូវចំពោះគ្រោះមហន្តរាយធម្មជាតិនាពេលខាងមុខ ក៏ដូចជាជំនះផលវិបាក ហើយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យក្រសួងធនធានធម្មជាតិ និង បរិស្ថាន សហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីផ្តល់ការព្យាករណ៍ និង ការវាយតម្លៃឱ្យបានទាន់ពេលវេលា និង ត្រឹមត្រូវ៕
ប្រភព៖ Tuoi Tre News